អាជ្ញាធរខេត្តសៀមរាប ជម្រុញដល់អាជ្ញាធរស្រុកអង្គរធំ ត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់

0

សៀមរាប: លោក កែ វីរិទ្ធ ឋានន្តរសក្តិនាយក្រុមការ ថ្នាក់លេខ៦ ត្រូវបានប្រកាសតែងតាំងជាអភិបាលរង នៃគណៈអភិបាលស្រុកអង្គរធំ និង លោក ស៊ូរ សេដ្ឋាន ឋានន្តរសក្តិក្រមការដើមខ្សែ ថ្នាក់លេខ៣ ត្រូវបានប្រកាសតែងតាំងជានាយករដ្ឋបាលសាលាស្រុកអង្គរធំ ត្រូវបានប្រកាសចូលកាន់មុខតំណែង ។
ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកអង្គរធំ ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ដ បានជម្រុញដល់អាជ្ញាធរស្រុក ត្រូវខិតខំបំពេញតួនាទីភារកិច្ចដោយការទទួលខុសត្រូវ ស្មោះត្រង់ និងត្រូវមានសាមគ្គីផ្ទៃក្នុងអង្គភាពឲ្យបានល្អ។
លោក អ៊ឹង គឹមលាង ក៏បានណែនាំដល់អាជ្ញាធរស្រុក ត្រូវឈ្វេងយល់អំពីតួនាទីភារកិច្ច និងការបែងចែកក្នុងការដោះស្រាយការងារក្នុងមូលដ្ឋានខ្លួនឲ្យមានតម្លាភាព ព្រោះនៅតាមមូលដ្ឋាន គឺមានការងារច្រើនត្រូវដោះស្រាយ និងត្រូវចូលរួមសហការគ្នាអនុវត្តការងាររដ្ឋបាលស្រុករបស់ខ្លួនឱ្យមានភាពរលូន និងល្អប្រសើរ ស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តនានារបស់រដ្ឋាភិបាល រួមទាំងធានាបាននូវសាមគ្គីភាព និង ការយោគយល់គ្នានៅក្នុងកិច្ចការរបស់ ខ្លួន ។ លោកអភិបាលរងខេត្តបានជម្រុញឲ្យមន្ត្រីទាំងអស់ត្រូវបន្តពង្រឹងរបៀបរបបការងារ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រីនៅក្នុងការបំពេញតួនាទី និងភារកិច្ច សំដៅអភិវឌ្ឍមូលដ្ឋាននិងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ។ ជាមួយគ្នានេះ ត្រូវបន្តពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងទប់ស្កាត់រាល់អំពើអសន្តិសុខផ្សេងៗក្នុងមូលដ្ឋាន តាមរយៈការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព។ លោកអភិបាលរងខេត្ត ក៏បានណែនាំដល់អភិបាលរងស្រុក និងនាយករដ្ឋបាល ដែលទើបប្រកាសចូលកាន់មុខតំណែង ត្រូវអនុវត្តការងារឱ្យអស់សមត្ថភាព ដើម្បីធ្វើឱ្យការងារក្នុងស្រុកមានការអភិវឌ្ឍរីកចម្រើន និងកិច្ចប្រតិបត្តិការល្អជាមួយគ្រប់មន្ទីរអង្គភាព រដ្ឋបាលស្រុកឃុំ ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋាន រួមគ្នាអភិវឌ្ឍន៍ស្រុក ឱ្យកាន់តែមានការរីកចម្រើនសម្រេចបានសមិទ្ធផលថ្មីៗ និងស្នាដៃថ្មីៗបន្ថែមទៀត។
សូមជម្រាបថា លោក កែ វីរិទ្ធ ឋានន្តរសក្តិនាយក្រុមការ ថ្នាក់លេខ៦ ត្រូវបានប្រកាសតែងតាំងជាអភិបាលរង នៃគណៈអភិបាលស្រុកអង្គរធំ និង លោក ស៊ូរ សេដ្ឋាន ឋានន្តរសក្តិក្រមការដើមខ្សែ ថ្នាក់លេខ៣ ត្រូវបានប្រកាសតែងតាំងជានាយករដ្ឋបាលសាលាស្រុកអង្គរធំ នៃរដ្ឋបាលខេត្តសៀមរាប តាមសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃ៕