ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង
ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ថវិកាធានារ៉ាប់រងសង្គម ចំនួន១៥០ , ២៩៧, ៩៦០ រៀល របស់រាជរដ្ឋា ភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ១០ គ្រួសារ ដែលអញ្ជើញមកពីតាមបណ្ដាមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ និងអតីតយុទ្ឋជន ដែលមានជីវភាពលំបាកខ្វះខាតចំនួន ១៥ គ្រួសារ ដែលបានអញ្ជើញមកពីស្រុកសណ្តាន់ ដែលពិធីនេះមានការអញ្ជើញចូលរួមពីលោកស្រី កែវ ចាន់ធូ អនុប្រធានសាខាមូលនិធិជាតិជំនួយសង្គម ខេត្ត និងលោកស្រីរស់ ឆេងឡាងអនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ខេត្តកំពង់ធំ ព្រមទាំងនាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏ចូលរួមយ៉ាងផងដែរ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
លោកស្រីកែវ ចាន់ធូ អនុប្រធានសាខាមូលនិធិជាតិជំនួយសង្គម ខេត្ត បានឡើងរាយការណ៍អំពី គោលនយោ បាយរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណា ចក្រកម្ពុជា ក្នុងការផ្ដល់ប្រាក់ធានាអារ៉ាប់រងសង្គម សម្រាប់ផ្ដល់ជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជន ដែលបានទទួល មរណភាពនាពេលកន្លងទៅ ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបន្តប្រកបរបរចិញ្ចឹមជីវិត និងបានគូសបញ្ជាក់អំពី ចំនួនទឹកប្រាក់ដែលក្រុមគ្រួសារសពអតីតយុទ្ធជនត្រូវបានទទួល មានការខុសៗគ្នា ទៅតាមឋានន្តរសក្កិ និងអតីតភាពការងារ និងប្រភេទមុខសញ្ញារបស់អតីតយុទ្ធជននីមួយៗ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យ ចំពោះអតីតយុទ្ធជនរបស់យើង ដែលបានទទួលមរណភាពនាពេលកន្លងទៅ និងបានបួងសួងសូមឲ្យវិញ្ញាណក្ខន្ធរបស់គាត់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ និងបានបញ្ជាក់ជូនអំពីការយកចិត្តទុកដាក់គិតគូរគ្រប់បែបយ៉ាង របស់ប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះអតីតយុទ្ធជនរបស់យើង ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ។ក្នុងរយៈពេលជាង ៣ខែកន្លងទៅក្រុមគ្រួសារសពអតីតយុទ្ធជនបានទទួលថវិកាបេឡាមរណៈសង្គ្រោះសម្រាប់ធ្វើបុណ្យសព រួចមកហើយ និងនៅថ្ងែនេះបងប្អូនក្រុមគ្រួសារអតីតយុទ្ធជន ត្រូវបានទទួលកញ្ចប់ថវិកាធានារ៉ាប់រងសង្គមសម្រាប់ប្រកបមុខរបរចិញ្ចឹមជីវិតបន្ថែមទៀត ។ នៅក្នុងឱកាសនេះដែរ ឧត្ដមសេនីយ៍ទោសោម ស៊ុន ក៍បានសំណេះសំណាលសាកសួរសុខទុក្ខ និងបានឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវ ជូនបងប្អូនអតីតយុទ្ធដែលមានជីវភាពលំបាកខ្វះខាត ចំនួន១៥ គ្រួសារ ដែលបានអញ្ជើញមកពីស្រុកសណ្តាន់ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន ២៥ គីឡូក្រាម មីជាតិចំនួនមួយកេស ទឹកត្រី ទឹកសុីអុីវចំនួនមួយយួរ និងត្រីខកំប៉ុងចំនួនមួយយួរផងដែរ ។
ក្រុមគ្រួសារសពអតីតយុទ្ធជនចំនួន១០គ្រួសារ និងបងប្អូនអតីតយុទ្ធដែលមានជីវភាពលំបាកខ្វះខាត ចំនួន ១៥ គ្រួសារ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែបានឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ដល់សុខទុក្ខនិងជីវភាពរស់នៅរបស់អតីតយុទ្ធជន នៅក្នុងខេត្តកំពង់ធំ និងបានប្តេជ្ញាចិត្តដាច់ខាតគាំទ្រការដឹកនាំរបស់សម្ដេចលុះត្រាអវសាន្តជីវិត និងបានសូមគោរពជូនពរសម្ដេច លោកជំទាវឯកឧត្តម លោក លោកស្រីទាំងអស់ សូមទទួលបានតែនឹងពុទ្ធពរទាំង៤ ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕





































