សៀមរាប៖ ក្រសួងទេសចរណ៍ ក្នុងសហការជាមួយអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល និងរដ្ឋបាលខេត្តសៀមរាប បានរៀបចំវេទិកាបណ្តាញអេកូទេសចរណ៍បឹងទន្លេសាប លើកទី២ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើន រួមទាំង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។ 
ក្រោមប្រធានបទ «ទេសចរណ៍ និងអេកូទេសចរណ៍ ជាប្រភពចំណូលដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ប្រជានេសាទ និងការគ្រប់គ្រងធនធានធម្មជាតិនៅតំបន់បឹងទន្លេសាប» ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ជាយន្តការសំខាន់មួយសម្រាប់ការអភិវឌ្ឍ និងការអភិរក្សធនធានធម្មជាតិ ដោយផ្តល់ឱកាសឲ្យប្រជាជនមានចំណូល បង្កើតការងារ និងចូលរួមក្នុងការសម្រេចចិត្តពាក់ព័ន្ធនឹងអភិវឌ្ឍមូលដ្ឋាន។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ ទេសចរណ៍ និងអេកូទេសចរណ៍ លើកឡើងថា ការអភិវឌ្ឍអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ គឺជាយន្តការមួយដ៏សម ស្របសម្រាប់ការអភិវឌ្ឍ និងអភិរក្សធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ និងរបៀងជីរៈ ចម្រុះនានាប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ដែលផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋមូលដ្ឋាន អាចចូលរួមយ៉ាងសកម្មក្នុងការសម្រេចចិត្ត និងទាញយកផលប្រយោជន៍ផ្ទាល់ពីទេសចរណ៍ ប្រកបដោយសមធម៌ ជាពិសេសការចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន និងការកាត់ បន្ថយភាពក្រីក្រ និងចំណាកស្រុករបស់ប្រជាពលរដ្ឋយើងផងដែរ។ ឯកឧត្តម បន្តថា រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម សន្ដិភាព សណ្តាប់ ធ្នាប់ពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ តាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ។
ឯកឧត្តម មានប្រសាសន៍ថា៖ ជាការពិត សុខសន្តិភាព បានធានាឱ្យវិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា «មាសបៃតង» សម្រេចបាននូវការរីកចម្រើនគួរជាទី មោទនៈ ដោយទទួលបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំ និងរួមចំណែកប្រមាណជិត ១៣% នៃផលិតផលក្នុងស្រុកសរុប និងផ្ដល់ការងារយ៉ាងច្រើន រួមទាំងដោយផ្ទាល់ និងដោយប្រយោល ដល់ប្រជាជនកម្ពុជា។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្ត បញ្ចកោណ-ដំណាក់កាលទី១ ដែលបានចាត់ទុកវិស័យទេសចរណ៍ឱ្យនៅបន្តជាវិស័យអាទិភាព មួយសម្រាប់កំណើនសេដ្ឋកិច្ច។
ឯកឧត្តមបានជំរុញឲ្យសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើបដិសណ្ឋារកិច្ចស្តង់ដា កែលម្អគុណភាពសេវាកម្ម និងផ្តោតលើកត្តាអនាម័យ បរិស្ថាន និងភាពទាក់ទាញ ដើម្បីបង្កើនទំនុកចិត្តភ្ញៀវ និងការចំណាយរយៈពេលនៅក្នុងតំបន់។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានគាំទ្រយុទ្ធនាការ “រដូវកាលបៃតង (Green Season)” ជំនួសពាក្យ “Low Season” ដោយផ្តល់បទពិសោធន៍ដ៏ស្រស់ស្អាត និងភាពបៃតងធម្មជាតិដល់ភ្ញៀវទេសចរ វាអាចជួយកាត់បន្ថយភាពពិបាកជាស្ថាពរ ពង្រឹងការទាក់ទាញទេសចរនៅរដូវវស្សា និងជំរុញការចំណាយនៅក្នុងសហគមន៍។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជាមានវិវឌ្ឍន៍លើគ្រប់វិស័យ ពីចំនួនភ្ញៀវអន្តរជាតិប្រមាណជាង២៩ម៉ឺននាក់នៅឆ្នាំ១៩៩៨ ទៅដល់ជាង៦,៦លាននាក់នៅឆ្នាំ២០១៩។ នៅឆ្នាំ២០២៤ កម្ពុជា បានទទួលភ្ញៀវអន្តរជាតិជាង ៦,៧ លាននាក់ និងទេសចរជាតិជាង ២២,៥ លាននាក់។ ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥នេះក៏មានភ្ញៀវអន្តរជាតិប្រមាណ៣លាននាក់ ដោយមានអត្រាកើនឡើងជិត ១១.៧% បើប្រៀបធៀបនឹងឆ្នាំមុន។
កម្មវិធីវេទិកានេះគឺជាវេទិកាដ៏សំខាន់សម្រាប់ភាគីពាក់ព័ន្ធក្នុងការចែករំលែកបទពិសោធន៍ ជជែកពិភាក្សា និងបង្កើតទំនាក់ទំនងសហការណ៍ ជាពិសេសក្នុងការលើកកម្ពស់សហគមន៍ទេសចរណ៍ឱ្យមានភាពរឹងមាំ និងធន់នឹងវិបត្តិ។
ដោយ ប៊ុន រដ្ឋា







































