(កំពង់ធំ)÷ ឯកឧត្តម អៀង គីម អនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ឯក
ឧត្តម លី វេត អភិបាលរងខេត្ត ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត អភិបាលរងក្រុង/ស្រុកទាំង៩ បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីការផ្ដួចផ្ដើមគំនិតនវានុវត្តន៍ក្នុងវិស័យសាធារណៈជូនដល់មន្ត្រីរាជការក្នុងខេត្តកំពង់ធំ និងប្រគល់លិខិតថ្លែងអំណរអរគុណជូនគ្រូឧទ្ទេស ព្រមទាំងចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាម ដោយមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ធំ។
ឯកឧត្តម អៀង គីម អនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបង្ហាញពីគោលបំណងគឺលើកកម្ពស់វប្បធម៌នៃការច្នៃប្រឌិត ការធ្វើទំនើបកម្មអភិបាលកិច្ច ដោយផ្តល់ចំណេះដឹងប្រកបដោយការច្នៃប្រឌិតសំដៅលើការអភិវឌ្ឍដំណោះស្រាយ គំនិតថ្មីៗ ដើម្បីធ្វើឱ្យប្រសើរឡើង នូវផលិតភាពការងារ និងប្រសិទ្ធភាពនៃស្ថាប័នសាធារណៈជូនមន្ត្រីរាជការ នៃខេត្តកំពង់ធំ សំដៅរួមចំណែកដោយផ្ទាល់ក្នុងការផ្តួចផ្តើមគំនិតនវានុវត្តន៍ដោយផ្តោតលើការសម្រេចបាននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ គោលបំណងចម្បងចំនួនបី៖ ទំនើបកម្មស្ថាប័ន និងការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ, ពង្រីកកិច្ចសហប្រតិបត្តិការ, ការកសាងសមត្ថភាពក្នុងអភិបាលកិច្ច និងនវានុវត្តន៍។
ឯកឧត្តម ដៀប ពីរី បានថ្លែងថា ការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំក្នុងការបង្កើត និងអនុវត្តគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងតម្លាភាពក្នុងការបម្រើសេវាសាធារណៈ ក្នុងរយៈពេលនៃវគ្គបណ្តុះបណ្តាល សិក្ខាកាមទាំងអស់បានទទួលនូវចំណេះដឹង និងបទពិសោធន៍សំខាន់ៗគឺ ការយល់ដឹងស៊ីជម្រៅអំពីគោលគំនិតនវានុវត្តន៍: សិក្ខាកាមបានសិក្សាអំពីនិយមន័យ ប្រភេទនិងសារៈសំខាន់នៃនវានុវត្តន៍ក្នុងបរិបទវិស័យសាធារណៈ។ វិធីសាស្ត្រ និងបច្ចេកទេសផ្តួចផ្តើមគំនិត: ថ្នាក់ដឹកនាំបានរៀនពីរបៀបកំណត់បញ្ហា វិភាគតម្រូវការ និងបង្កើតដំណោះស្រាយប្រកបដោយនវានុវត្តន៍ តាមរយៈការអនុវត្តជាក់ស្តែង នឹងការសិក្សា។ ការគ្រប់គ្រងគម្រោងនវានុវត្តន៍: បានបង្រៀនពីការរៀបចំផែនការ ការអនុវត្ត ការតាមដាន និងការវាយតម្លៃគម្រោងនវានុវត្តន៍ ដើម្បីធានាបាននូវភាពជោគជ័យ និងនិរន្តរភាព។ ការអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំសម្រាប់នវានុវត្តន៍ សិក្ខាកាមត្រូវបានបណ្តុះបណ្តាលពីរបៀបបង្កើតបរិយាកាសអំណោយផលដល់ការច្នៃប្រឌិត ការលើកទឹកចិត្តក្រុមការងារ និងការគ្រប់គ្រងការផ្លាស់ប្តូរ។
ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ បានបញ្ជាក់ថា លទ្ធផលដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ គឺកម្រិតនៃការយល់ដឹង និងសមត្ថភាព តាមរយៈការវាយតម្លៃបន្ទាប់ពីបញ្ចប់មុខវិជ្ជានីមួយៗនៃវគ្គបណ្តុះបណ្តាល ក៏ដូចជាការចូលរួមសកម្មភាពជាក់ស្តែង។ សិក្ខាកាមភាគច្រើនបានបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់នូវចំណេះដឹង និងជំនាញពាក់ព័ន្ធនឹងការផ្តួចផ្តើមគំនិតនវានុវត្តន៍។ គម្រោងនវានុវត្តន៍សក្តានុពល សិក្ខាកាមមួយចំនួនបានបង្កើតគំនិតផ្តួចផ្តើមនវានុវត្តន៍បឋម ដែលអាចយកទៅអនុវត្តបាននៅក្នុងស្ថាប័នរៀងៗខ្លួន
ដើម្បីដោះស្រាយបញ្ហាប្រឈម និងកែលម្អសេវាសាធារណៈ។ បណ្តាញទំនាក់ទំនង: វគ្គបណ្តុះបណ្តាលនេះ ក៏បានផ្តល់ឱកាសឱ្យថ្នាក់ដឹកនាំបង្កើតបណ្តាញទំនាក់ទំនង
និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកដែលជាមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់ការអភិវឌ្ឍនវានុវត្តន៍នាពេលអនាគត។
សូមបញ្ជាក់ផងដែរថា ចំនួនសិក្ខាកាមចូលរួមសរុបចំនួន៦០រូប ដែលមកពីរដ្ឋបាលក្រុង/ស្រុក មន្ទីរ/អង្គភាព និងរដ្ឋបាលខេត្តកំពង់ធំ ទទួលបាននូវវិញ្ញាបនបត្រផងដែរ។ អត្ថបទលោក ធូ កែវមុន្នី






































