ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តស្ទឹងត្រែង ជួបជុំគ្នាគោរពវិញ្ញាណក្ខន្ធ និងទូងស្គរអបអរសាទរឱកាស នៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក !

0

ខេត្តស្ទឹងត្រែង៖ ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាព កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋដ៏ច្រើនរយនាក់ ក្រោមការដឹកនាំដោយ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានមកជួបជុំគ្នា ដើម្បីគោរពវិញ្ញាណក្ខន្ធ និងធ្វើពិធីទូងស្គរអបអរសាទរឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។

មុននឹងចាប់ផ្តើមពិធីទូងស្គរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃរដ្ឋបាលខេត្តស្ទឹងត្រែង បានធ្វើពិធីស្មិងស្មាធិ៍ គោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានស្តាប់នូវសុន្ទរកថារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលផ្សព្វផ្សាយដល់ជនរួមជាតិ នូវសារលិខិតអបអរសាទរឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

បន្ទាប់មកពិធីទូងស្គរក៏បានបន្លឺឡើង ដែលជាការអបអរសាទរយ៉ាងគគ្រឹកគគ្រេង ជាមួយនឹងស្នូរទះដៃលាន់លឺយ៉ាងកងរំពង ក្នុងស្មារតីស្រឡាញ់ គាំទ្រ និងមោទនភាពជាតិដ៏ជ្រាលជ្រៅបំផុត។

សូមបញ្ជាក់ថា «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព»  ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនេះ គឺ ១-អតីតមន្ទីរឃុំឃាំង ម.១៣ (ស្ថិតនៅចន្លោះខេត្តកំពង់ឆ្នាំង និងកំពង់ស្ពឺ) ,២-សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស្ថិតនៅរាជធានីភ្នំពេញ) និង ៣-មជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ)៕ដោយ៖ឡុង សំបូរ