ខេត្តឧត្តរមានជ័យ៖ ជនកំសាកដែលគេស្គាល់ថា ជាទាហានឈុតខ្មៅថៃ បានលបលួចចូលមកវ៉ៃដោយដៃមកលើកងទ័ពកម្ពុជា ពីក្រោយខ្នង ទាំងកងទ័ពកម្ពុជា ឈរដោយមិនបានប្រុងប្រយ័ត្ន (មិនដឹងខ្លួន) ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរ ដែលបានចូលមកទស្សនាកម្សាន្តប្រសាទតាមាន់ធំ ក្នុងហេតុការណ៍ដែលបានកើតឡើង នាម៉ោងជាង ១០ព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥។ ហើយរដ្ឋាភិបាលថៃ ត្រូវតែចាត់វិធានការ និងនាំខ្លួនជនបាតសង្គមនេះ មកសុំទោសកងទ័ពកម្ពុជា ឱ្យខាងតែបាន។
យោងតាមប្រភពព័ត៌មានបានបញ្ជាក់ថា ជនដែលលួចចូលមកវាយ (វ៉ៃ) កងទ័ពកម្ពុជា ពីក្រោយខ្នង គឺជាទាហានឈុតខ្មៅថៃ ដែលការវ៉ៃនោះគ្រាដែលទាហានឈុតខ្មៅរូបនោះ បានមកសុំចាប់ដៃកងទ័ពកម្ពុជា ដែលកំពុងឈរប្រចាំការនៅលើប្រសាទតាមាន់ធំ ក្រោយពេលឆ្មក់វ៉ៃរួច ជនបាតសង្គមនោះ បានរត់គេចចេញពីទីនោះយ៉ាងស្លន់ស្លោរបំផុត ។
ក្រោយហេតុការណ៍ដែលបានកើតឡើង និងក្រោយពីទាហានឈុតខ្មៅថៃ បានរត់គេចខ្លួនចាកចេញទៅ កងទ័ពកម្ពុជា ដែលប្រចាំការនៅលើប្រាសាទតាមាន់ បានធ្វើការតវ៉ា និងប្រតិកម្មទៅមេបញ្ជាការទាហានថៃ ហើយពួកគេបានឆ្លើយតបថា នឹងនាំអ្នកដែលប្រព្រឹត្តទង្វើថោកទាបនេះ មកសុំទោសកងទ័ពកម្ពុជា ក្រោយពេលភ្ញៀវទេសចរចាកចេញពីប្រាសាទ។
អ្នកចូលទស្សនាប្រាសាទ បានចាត់ទុកសកម្មភាពបែបនេះថា គឺជាការបង្ហាញទៅកាន់ពិភពលោកយ៉ាងច្បាស់ថា ទាហានថៃជាកងកម្លាំងបង្ករឿង បង្កហេតុគ្រប់ពេល មកលើកងទ័ពកម្ពុជា ទាំងមិនដឹងខ្លួន និងមិនបានត្រៀមមុន ពីព្រោះមកធ្វើពុតជាសម្តែងចាប់ដៃរាក់ទាក់ ហើយលួចវាយប្រហារពីក្រោតតែម្តង។
ជុំវិញហេតុការណ៍ទាហានឈុតខ្មៅថៃ លួចវ៉ៃកងទ័ពកម្ពុជា ពីក្រោយខ្នងនេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា ក្រសួងការពារជាតិ បានប្រមូលព័ត៌មានពីការលួចវ៉ៃ របស់ទាហានថៃលើខ្មែររួចហើយ និងកំពុងរៀបចំសេចក្ដីប្រកាសព័ត៌មានមួយទាក់ទងនឹងករណីនេះ៕ដោយ៖ឡុង សំបូរ





































