លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមគ្រូពេទ្យ TYDA ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋជិត ៥ពាន់នាក់ នៅខេត្ដព្រះវិហារ

0

ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋ ៤ពាន់ ៨២៦នាក់ នៅខេត្តព្រះវិហារ ទទួលបានការយកចិត្តទុកដាក់ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្រោមការដឹកនាំរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ និងក៏មានការចូលរួមពី អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ នៅក្នុងបរិវេណក្រុមហ៊ុន ទ្រី ភាព អ៊ីមផត អិតផត ស្ថិតក្នុងភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ។

លោកជំទាវបណ្ឌិត ​ពេជ ចន្ទមុន្នី មានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺតែងតែយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា តាមរយៈការបង្ខិតសេវាព្យាបាល ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

លោកជំទាវបណ្ឌិត ​មានប្រសាសន៍ទៀតថា ថ្ងៃនេះលោកជំទាវបានដឹកនាំក្រុមគ្រូពេទ្យជំនាញ ៤១០នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះវិហារនេះ ដោយឥតគិតថ្លៃអ្វីទាំងអស់ ដោយពិនិត្យ និងព្យាបាលទៅលើជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ពិនិត្យជំងឺភ្នែក, វះកាត់តូច, ជំងឺឫសដូងបាត, ជំងឺសន្លាក់, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ថតកាំរស្មី, ពិនិត្យឈាម, និងបញ្ជូនទៅព្យាបាលបន្តក្នុងករណីមានជំងឺធ្ងន់ធ្ងរ។

លោកជំទាវបណ្ឌិត បានបញ្ជាក់ថា «បើសិនជាលោកតា លោកយាយ អ៊ំ ពូ មីង បងប្អូន ប្រជាពលរដ្ឋយើងមានស្ថានភាពជំងឺឈឺធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យនឹងបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យខេត្ដ ឬទៅកាន់រាជធានីភ្នំពេញតែម្ដង ហើយរាល់ការចំណាយទាំងអស់ ដូចជាការសម្រាកព្យាបាល និងអាហារ សូមអ៊ំ ពូមីង កុំបារម្ភ គឺឧបត្ថម្ភទាំងស្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា»។

លោកជំទាវបណ្ឌិត បានបញ្ជាក់ទៀតថា ការមកព្យាបាលជំងឺជួនប្រជាពលរដ្ឋនៅទីនេះ គឺជាលើកទី១ហើយ តែអាចមានជាលើកទី២ ឬលើកទី៣ ជាបន្តបន្ទាប់ទៀត ហើយឱកាសក្រោយៗអាចនឹងមានវត្តមាន សម្ដេចមធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមផងដែរ។

បន្ទាប់មកលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញពិនិត្យមើលសកម្មភាព ក្រុមគ្រូពេទ្យពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងក៏បានអញ្ជើញចែកកាបូបស្ពាយដែលជាអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចគតិព្រឹទ្ធបណ្ឌិត ជូនសិស្សានុសិស្សសាលាបឋមសិក្សា និងអនុវិទ្យាល័យទ្រីភាពបឹងទន្លេម្រេច ផងដែរ។

គួរបញ្ជាក់ថា ក្រុមគ្រូពេទ្យ និងយុវជនស្ម័គ្រចិត្ត នៃសមាគម (TYDA) ដែលចុះព្យាបាលប្រជាពលរដ្ឋដោយគិតថ្លៃ នៅថ្ងៃម្សិលមិញនោះ មានចំនួន ៤១០នាក់ និងបានពិនិត្យ និងព្យាព្យាបាល ជូនប្រជាពលរដ្ឋ ៤ពាន់ ៨២៦នាក់ ស្មើនឹង ៩ពាន់ ៤៨០ករណី និងមានករណីធ្ងន់ធ្ងរ៤២ករណី ត្រូវបញ្ជូនបន្តទៅព្យាបាលនៅរាជធានីភ្នំពេញ ក្រោមការចំណាយ និងឧបត្ថម្ភដ៏ថ្លៃថ្លារបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដោយផ្ទាល់៕ដោយ៖ឡុង សំបូរ