ខេត្តកំពត: តំណាងក្រុមហ៊ុនចម្ការចេក វើលទ្រីស្តារខេមបូឌា បានបញ្ជាក់ថា មកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានពង្រីកផ្ទៃដីដាំចេកបាន១០០០ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល៧០០ហិកតា ដែលអាចនាំចេកចេញទៅចិនជាមធ្យម៧០០តោនក្នុងមួយខែ និងបាននាំចេញទៅកូរ៉េ និងវៀតណាមមួយចំនួនដែរ ខណៈដែលទីផ្សារក្នុងស្រុកក៏
មានដំណើរការល្អ។ ហើយក្រុមហ៊ុននៅតែបន្តពង្រីកផ្ទៃដីដាំដុះបន្ថែម១៥០ហិកក្នុងមួយឆ្នាំ។
តំណាងក្រុមហ៊ុន វើលទ្រីស្តារខេមបូឌា (World Tristar Cambodia) ស្ថិតនៅឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត លោក ហៀង ម៉េងហូង បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះថា វើលទ្រីស្តារ ជាក្រុមហ៊ុនដាំចេកអំបូងលឿងសម្រាប់នាំចេញធំជាងគេនៅខេត្តកំពតដែលចាប់ផ្តើមដំណើរការនៅឆ្នាំ២០២១។ មកដល់បច្ចុប្បន្នក្រុមហ៊ុនបានពង្រីកផ្ទៃដីដាំដុះបាន១០០០ហិកតា និងផ្ទៃដីប្រមូលផលមាន ៧០០ហិកតា ដែលមានសមត្ថភាពផលិតចេកនាំចេញទៅចិន ប្រមាន៣៥កុងទីន័រក្នុងមួយខែ គឺប្រមាណ៧០០តោន ហើយក្រុមហ៊ុននៅតែបន្តពង្រីផ្ទៃដីដាំដុះ ១៥០ ក្នុងមួយឆ្នាំ រហូតអស់ផ្ទៃដីដែលមាន ប្រមាណជាង៤០០០ហិកតា។
លោកបានបញ្ជាក់ដែរថា ទីផ្សារចេកអំបូងលឿងកំពុងពេញនិយមទទួលទានសម្រាប់មនុស្សគ្រប់ជាតិសាស្ត្រ និងគ្រប់វ័យ ពីទីផ្សារអាស៊ីឈានទៅអឺរ៉ុបក្នុងពេលអនាគត ពិសេសចេកដែលដាំនៅខេត្តកំពតមានរសជាតិផ្អែមហើយឈ្ងុយ ខណៈដែកទីផ្សារក្នុងស្រុកក៏កំពុងល្អផងដែរ។
តំណាងក្រុមហ៊ុនដដែលនោះក៏បានបញ្ជាក់ផងដែរថា បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ មិនប៉ះពាល់ដល់សង្វាក់ផលិតកម្ម និងការពង្រីកផ្ទៃដីដាំដុះបន្ថែមនោះទេ ព្រោះទីផ្សារចម្បងនៃការនាំចេញទៅប្រទេសចិន ខណៈដែលសម្ភារវេចខ្ចប់ផ្សេងៗក៏នាំចូលពីប្រទេសចិនផងដែរ។
សូមបញ្ជាក់ថា សម្រាប់ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត មានក្រុមហ៊ុនចម្ការចេកអំបូងលឿងធំៗចំនួនពីរ គឺកសិដ្ឋានចម្ការចេក ឡង មេត មានផ្ទៃដីដាំដុះ៤០០ហិកតា និងក្រុមវើលទ្រីស្តារមានផ្ទៃដីដាំដុះជាង៤០០០ហិកតា បច្ចុប្បន្នក្រុមហ៊ុនទាំងពីរនេះ អាចមានលទ្ធភាពផលិត នាំចេកចេញទៅចិន ប្រមាណជាង៣ម៉ឺនតោនក្នុងមួយឆ្នាំ ហើយឆ្នាំបន្តបន្ទាប់ បរិមាណនាំចេញនឹងកាន់តែកើនឡើងជាបន្តបន្ទាប់ទៀត៕ សេង ណារិទ្ធ






































