ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្តល់អំណោយជូនសមាជិកសមាគមអតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន និងគ្រួសារក្រីក្រជិត ៣០០គ្រួសារ នៅខេត្តស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង៖ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា គ្រួសារអតីតយុទ្ធជន និងគ្រួសារក្រីក្រជិត ៣០០គ្រួសារ ទទួលបានការយកចិត្តទុកដាក់ខ្ពស់ និងទទួលបានអំណោយជាគ្រឿងឧបភោគ បរិភោគ រួមទាំងថវិកាមួយចំនួនពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្ត និងសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង។

អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង លោក សរ សុពុត្រា ,ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លោក ឈាង ឡាក់ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ដែលមានការចូលរួមពីមន្ទីរ អង្គភាព កងកម្លាំងទាំង៣ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ចែកជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា គ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ ២៩០គ្រួសារ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ចំណុះយោធភូមិភាគទី១។ អំណោយទាំងនោះរួមមាន៖ អង្ករ ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ មី និងថវិកាមួយចំនួនទៀតផងដែរ។

អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានថ្លែង ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ  ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង សម្តេចធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ជូនចំពោះសមាជិកសមាគម គ្រួសារអតីតយុទ្ធជន និងគ្រួសារក្រីក្រទាំងអស់ នាគ្រានោះផងដែរ។

អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានថ្លែង ចាត់ទុកអំណោយដែលបានផ្តល់ជូនក្នុងពេលនេះ គឺបានចូលរួមចំណែកដោះស្រាយបញ្ហាដែលជួបប្រទះ ខ្វះខាត និងដោះស្រាយជីវភាពរបស់បងប្អូន សមាជិកសមាគមអតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន និង គ្រួសារជួបការលំបាកបានមួយកម្រិត និងសំដៅការអភិវឌ្ឍ រួមចំណែកលើកកម្ពស់ជីវភាពរបស់បងប្អូនឱ្យកាន់តែល្អថែមទៀត ។

លោកអភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អាណត្តិទី៧នេះ នឹងបន្តធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ព្រមទាំងបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស គឺមិនឱ្យប្រជាពលរដ្ឋខ្វះខាត លំបាកនោះទេ។

លោកអភិបាលខេត្តស្ទឹងត្រែង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រឆាំងដាច់ខាត ចំពោះព័ត៌មានក្លែងក្លាយ ពិសេសព័ត៌មានណា ដែលមានលក្ខណៈញុះញង់ បំបែកបំបាក់សាមគ្គីជាតិ និងប្រជាជន  ពីសំណាក់ក្រុមប្រឆាំងជាមួយ រាជរដ្ឋាភិបាលកម្ពុជា៕ដោយ៖ឡុង សំបូរ