កំពង់ធំ÷ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ លោកប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាលរងស្រុក លោកមេឃុំ លោកប្រធាន អនុប្រធានគណកម្មការគ្រប់គ្រងសាលា លោកនាយក លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស ប្រមាណជាង៣០០នាក់ បានអញ្ជើញចូលរួមក្នុងកម្មវិធី បិទបញ្ចប់ការ
សិក្សាឆ្នាំ២០២៤-២០២៥ លើកទិសដៅបន្តឆ្នាំ២០២៥-២០២៦ ចែកបណ្ណសរសើរដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និទ្ទេសABC និងសិស្សជាប់ចំណាត់ថ្នាក់ប្រចាំឆ្នាំ លេខ១ ដល់លេខ៥ នៅបរិវេណសាលាបឋមសិក្សា-អនុវិទ្យាល័យព្រៃព្រាល ភូមិព្រៃព្រាល(ខ) ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។
លោក ម៉ាក់ សាននី នាយកអនុវិទ្យាល័យព្រៃព្រាល បានបង្ហាញពីគោលបំណងនៃកម្មវិធី÷ ១.លើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សដែលខិតខំសិក្សាពេញមួយឆ្នាំរហូតដល់ទទួលបានលទ្ធផលសិក្សាល្អចំណាត់ថ្នាក់លេខ១ដល់៥ ចំនួន១៥នាក់ ស្រី១២នាក់។ ២. លើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី៩ ដែលខិតខំសិក្សារហូតដល់ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ទទួលបាន និទ្ទេស ABC ចំនួន ១៥នាក់ ស្រី ១១នាក់។
៣. បណ្តុះបំណិនជីវិតមូលដ្ឋាន ដល់ប្អូនសិស្សានុសិស្ស។
៤. បិតបញ្ចប់ឆ្នាំសិក្សាចាស់ ២០២៤-២០២៥ និងលើកទិសដៅឆ្នាំសិក្សាថ្មី២០២៥-២០២៦ ដើម្បីប្រែក្លាយ ទៅជាសាលាមេត្រីបរិស្ថាន សាលាស្តង់ដារគំរូ និងជាសាលាបម្រើសេវាសាធារណៈគំរូ នៅថ្ងៃអនាគត់ តាមរយៈការចូលរួមគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ។
លោកនាយក ក៏បានលើកពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន÷ សិស្សមួយចំនួនខ្សោយអក្សរ និងលេខ សិស្សមួយចំនួនអវត្តមានច្រើនក្នុងម៉ោងសិក្សា សិស្សប្រើទូរស័ព្ទ លេខហ្គេម មិនមើលមេរៀន មិនធ្វើកិច្ចការផ្ទះដែលគ្រូដាក់ឱ្យអនុវត្ត ខ្វះការមើលថែ នៅជាមួយយាយតាចាស់ជរា ហើយមិនធ្វើស្វ័យសិក្សានៅផ្ទះ។ សំណូមពរ សូមមាតាបិតា អាណាព្យាបាលជួយបង្ហាត់បង្រៀនកូនបន្ថែមពេលនៅផ្ទះ និង ជួយគាំទ្រការអភិវឌ្ឍសាលារៀនបន្តទៀត។ សូមមន្ទីរពាក់ព័ន្ធជួយគាំទ្រដល់សាលារៀនបន្តទៀតដើម្បីប្រែក្លាយជាសាលាស្តង់ដារគំរូ ដែលជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលមាន០៥ស្តង់ដារ និង ៨៣សូចនាករ ដើម្បីឱ្យសាលារៀនសម្រេចបាននូវស្តង់ដារសាលាគំរូ។
ឆ្លៀតក្នុងឱកាសនេះឯកឧត្តម ជា វ៉ាន់ចាន់ បានមានប្រសាសន៍ថា លោកនាយកសាលា លោកគ្រូអ្នកគ្រូ ជាមាតាទីពីររបស់សិស្ស ក្នុងការបង្រៀន និងអប់រំសិស្សានុសិស្សទាំងចំណេះដឹង ជំនាញ បទពិសោធន៍ សុជីវធម៌ បំណិនជីវិត ដើម្បីឱ្យសិស្សានុសិស្សក្លាយទៅជាកូនល្អ មិត្តល្អ សិស្សល្អ និងពលរដ្ឋល្អនៅក្នុងសង្គម។ ជាក់ស្ដែងកម្មវិធីនៅព្រឹកនេះគឺចង់បង្ហាញពីការសិក្សារៀនសូត្ររយៈពេលមួយឆ្នាំ របស់សិស្សានុសិស្សទទួលបានលទ្ធផលល្អក្នុងការសិក្សា និងបានឡើងថ្នាក់ទៅរៀននៅសាលាដទៃទៀតក្នុងខេត្តកំពង់ធំ។
ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានផ្ដាំផ្ញើដល់ មាតា បិតាសិស្ស សិស្សានុសិស្សទាំងអស់ ក្នុងរយៈពេលវិសមកាលឈប់សម្រាកពីរខែនេះ សុំក្មួយៗខិតខំស្រាវជ្រាវមេរៀនបន្ថែមទៀត សិក្សារៀនសូត្រពីលោកគ្រូអ្នកគ្រូ និងរៀនតាមប្រពន្ធអនឡាញបន្ថែមទៀត ដើម្បីត្រៀមឡើងថ្នាក់ទៅរៀននៅវិទ្យាល័យ។ ពេលក្មួយៗទំនេរ ត្រូវជួយធ្វើការឪពុកម្ដាយនៅផ្ទះ ជំនួសឪពុកម្ដាយ និងសម្អាតជុំវិញផ្ទះឱ្យបានស្អាតចៀសវាងកុំឱ្យសត្វមូសខ្លាបង្កើតពងកូន និងបង្កឱ្យកើតជំងឺគ្រុនឈាម។ សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។ អត្ថបទលោក ធូ កែវមុនី្ន






































