អភិបាលខេត្តកំពង់ចាម​ ក្រុងពាលី សូត្រមន្ត បួងសួងសុំសេចក្តីសុខ ក្នុងពិធីប្រណាំងទូក បណ្តែតប្រទីប អុចកាំជ្រួច​ និងតាំងពិព័រណ៍សមិទ្ធផលនានា

0

កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នារសៀលថ្ងៃទី​១៦ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រារព្ធពិធីសាសនាក្រុងពាលី សូត្រមន្ត បួងសួងសុំសេចក្តីសុខ ក្នុងពិធីប្រណាំងទូក បណ្តែតប្រទីប អុចកាំជ្រួច​ និងតាំងពិព័រណ៍សមិទ្ធផល រដ្ឋបាលខេត្ត, រដ្ឋបាលក្រុង-ស្រុក ដេីម្បី​អបអរសាទរ​បុណ្យចេញព្រះវស្សា​ នៅ​ក្រុងកំពង់ចាម​ ។

គួរបញ្ជាក់ថា ដើម្បីថែរក្សាប្រពៃណី លើកស្ទួយវិស័យកីឡាអុំទូក និងបង្កបរិយាកាស សប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋក្រោមម្លប់សុខសន្តិភាព រដ្ឋបាលខេត្តកំពង់ចាមនឹងរៀបចំពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ នៅក្រុងកំពង់ចាម ក្នុងថ្ងៃបុណ្យចេញព្រះវស្សា រយះពេល ពេញ១ថ្ងៃ នៅវេទិកាអុំទូក ស្ថិតក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ដែលនៅពេលរាត្រី មានការរៀបចំបណ្តែតប្រទីប និងអុចកាំជ្រួច។ ព្រមជាមួយការតាំងពិព័រណ៍សមិទ្ធផលរបស់ រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត, ពិព័រណ៍ផលិតផលនានា និងការប្រគុំតន្ត្រីខ្នាតធំ មា នរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦- ១៨ ខែតុលា ឆ្នាំ២០២៤នេះ​ ។

សូមជម្រាបថា​សម្រាប់​ទូក​ដែល​បាន​ដាក់​ពាក្យ​សុំ​ចូល​ប្រកួត​មាន​ចំនួន​ ៥៩ទូក​ មកពីក្រុង ស្រុកទាំង១០ ក្នុងខេត្តកំពង់ចាម​ ក្នុង​នោះ​ទូកអុំ​បុរស​ខ្នាត​វែង​ ២១ទូក​ ស្មេីនឹង​ ១០គូ​ និង​ទូក​ខ្នាត​អន្តរជាតិចំនួន​ ៣៨ទូក​ ស្មើនឹង​ ១៩គូ​ ចំពោះ​កម្លាំង​កីឡាករគឺ​ មានចំនួន​សរុប​ ២៣៩៦នាក់​ និង​កម្លាំង​ត្រៀម ៥៥៧នាក់​ សរុបចំនួន​​ ២៩៥៣នាក់​ ចំពោះ​ការ​ប្រណាំង​ទូក​ ង​ និង​ទូក​ខ្នាត​អន្តរជាតិ​ គឺមាន​ចម្ងាយ​ ១៧០០ម៉ែត្រ​ ដែលចាប់ផ្តើម​អុំ​រយៈពេល​១ថ្ងៃ​ពេញ​ គឺ​នៅ​ថ្ងៃទី​១៧​ ខែតុលា​ ឆ្នាំ​២០២៤ ដោយ​មាន​ការ​ប្រគល់​រង្វាន់​ជ័យលាភី​ លេខ​១​ លេខ​២​ និង​លេខ​៣​ ដោយឡែក​ក្នុង​នោះ​ក៏​មាន​ស្តង់​តាំងពិព័រណ៍​ជាង​ ​១០០ស្តង់​ និង​ការ​ប្រគំតន្ត្រី​​ផង​ដែរ​ ៕