ពិធីចុះហត្ថលេខាខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ និងគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ ដើម្បីបន្តកិច្ចព្រមព្រៀងព្រៃសហគមន៍អាណត្តិទី២

0

(កំពង់ធំ)÷ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ លោក ឡុង រតនៈកុមា នាយករងនាយកដ្ឋានព្រៃឈើនសហគមន៍ព្រៃឈើ លោកស្រី អុឹម ម៉ារ៉ាឌី ប្រធានការិយាល័យសហគមន៍ព្រៃឈើនៃខណ្ឌរដ្ឋបាលព្រៃឈើលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ លោក ហេង ដា ប្រធានប្រតិបត្តិការទីវាលរបស់អង្គការ រីខូហ្វ ។

កម្មវិធីនេះក៏មានការចូលរួមពីលោក ញឹម ស៊ីញន នាយកកម្មវិធីរបស់អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) និងមន្ត្រីរាជការ ស្រុក ឃុំ ព្រមទាំងសហគមន៍ព្រៃឈើទាំង៣៤ ព្រមទាំងអង្គការដៃគូ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ និងគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ ដើម្បីបន្តកិច្ចព្រមព្រៀងព្រៃសហគមន៍អាណត្តិទី២ នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ព្រឹម រដ្ឋា បានលើកឡើងថាព្រៃឈើជាធនធានធម្មជាតិមួយបែបដ៏មានតម្លៃមហាសាល សម្រាប់មនុស្ស សត្វ និងបរិស្ថានជាសកល រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកព្រៃឈើជាវិស័យអាទិភាពក្នុងការរួមចំណែក នៃកិច្ចអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបានខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ក្នុងការបង្កើតច្បាប់ អនុក្រឹត្យ គោលការណ៍ណែនាំ និងលិខិតបទដ្ឋាននានា ទាក់ទងនឹងវិស័យ ព្រៃឈើ និងការធ្វើកំណែទម្រង់វិស័យព្រៃឈើដើម្បីពឈានឆ្ពោះទៅរកការគ្រប់គ្រងធនធានព្រៃឈើឱ្យមាននិរន្តរភាព។

ឯកឧត្តមអភិបាលរងខេត្តកំពង់ធំ បានបន្តទៀតថា ការបង្កើតសហគមន៍ព្រៃឈើគឺជាយុទ្ធសាស្ត្រនៃការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាពដូចមានចែងនៅក្នុងកម្មវិធី ព្រៃឈើជាតិ និងស្ថិតក្នុងបរិបទនៃកំណែទម្រង់វិស័យព្រៃឈើរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅ ជំរុញសំរេចគោលដៅ ក្នុងកិច្ចការពារ បរិស្ថាន ជីវៈចម្រុះ ការកាត់បន្ថយភាពក្រីក្រ និងការពង្រឹងអភិបាលកិច្ចល្អដល់ស្ថាប័ន ដូចមានចែងក្នុង កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិស័យព្រៃឈើ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ ចំពោះការអភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិដោយធានាភាពស្ថិតស្ថេរនៃអេកូឡូស៊ី និងសេដ្ឋកិច្ចសង្គមដែលជាសសរគ្រឹះមួយ ដ៏សំខាន់សម្រាប់សុខមាលភាពសាធារណៈ និងជាវិភាគទានដោយផ្ទាល់ចំពោះ កិច្ចការពារបរិស្ថានសកល

លោក ញឹម ស៊ីញន នាយកកម្មវីធីរបស់អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) បានបញ្ជាក់ថា បច្ចុប្បន្នអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍បាននិងកំពុងអនុវត្តគម្រោង “ការប្រើប្រាស់ដី និងការការពារធនធានធម្មជាតិជនជាតិដើមភាគតិច” ដោយមានការគាំទ្រថវិកាពី Swiss Agency for Development and Cooperation (SDC) និង Irish Aid(IA) តាមរយៈអង្គការDanChurchAid Cambodia(DCA)និងគម្រោង “លើកកម្ពស់ភាពជាម្ចាស់សហគមន៍ក្នុងគ្រប់គ្រងធនធានធម្មជាតិនិងជីវភាពអោយកាន់តែប្រសើរឡើង” ក្រោមជំនួយថវិកាពីអង្គការNPA ដោយសហការជាមួយអង្គការ រីខូហ្វនិងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ រៀបចំសហគមន៍ព្រៃឈើបានចំនួន ៨៥សហគមន៍ ដែលមានទំហំផ្ទៃដីព្រៃសរុប៧៦.៦៧៧ហិកតា៨៦ មានប្រជាពលរដ្ឋជាសមាជិកចូលរួមចំនួន១២ .៦២៥គ្រួសារ ស្មើនឹង៣៤.៦២៨នាក់ (ស្ត្រី១៧.៦២៥នាក់) នៅក្នុង ១០៤ ភូមិ ២៣ឃុំ ០៦ស្រុក គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥នេះ សហគមន៍ព្រៃឈើនៅក្នុងខេត្តមានប្រកាសទទួលស្គាល់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំនួន៧១សហគមន៍ ដែលគ្របបណ្តប់ផ្ទៃដី ព្រៃសរុបទំហំ៦២.២៩៣ហិកតា៨៤ ក្នុងនោះមាន៦៩សហគមន៍ ផ្ទៃដីព្រៃសរុបចំនួន៥៦.៧៧១ហិកតា៣៣ បានចុះកិច្ចព្រមព្រៀងព្រៃសហគមន៍ និងបានទទួលការយល់ព្រមលើផែនការគ្រប់គ្រងព្រៃសហគមន៍ពីខណ្ឌរដ្ឋបាលព្រៃឈើសរុបចំនួន ៣៨សហគមន៍ មានផ្ទៃដីទំហំ២១.៩៦៧.៦៥ហិកតា រួចហើយ។ ដោយឡែកសហគមន៍ បានផុតសុពលភាពនៃកិច្ចព្រមព្រៀងព្រៃសហគមន៍អាណត្តិទី១ (រយៈពេល១៥ឆ្នាំ) ដែលតម្រូវឱ្យបន្តចុះកិច្ចព្រមព្រៀងរយៈពេល១៥ឆ្នាំ បន្តទៀត ដោយយោងតាមច្បាប់ស្តីពីព្រៃឈើឆ្នាំ២០០២ អនុក្រព្យស្តីពីការ គ្រប់គ្រងសហគមន៍ព្រៃឈើឆ្នាំ២០០៣ និងប្រកាសគោលការណ៍ណែនាំអំពីសហគមន៍ព្រៃឈើ ឆ្នាំ២០០៦។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប