ខេត្តព្រះវិហារ៖ អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឆែបថ្មី ខេត្តព្រះវិហារ លោក ឃិត សុធារ៉ា បានដាក់បទបញ្ជាដល់កម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញមូលដ្ឋាន ចុះបង្ក្រាប និងរឹបអូសបានឈើលេខ១ ជិត១០០សន្លឹក ដែលឈ្មួញដឹកយកមកស្តុកទុកធ្វើជំនួញ។
ការចេញបញ្ជារបស់លោក ឃិត សុធារ៉ា ត្រូវគេដឹងថា បានធ្វើឡើងក្រោយប្រកាសចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកឆែបថ្មីបាន ២ថ្ងៃ ក្នុងប្រតិបត្តិការនោះបានធ្វើឡើងនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ នៅក្នុងបរិវេណដី ១០ភាគរយ ស្ថិតក្នុងភូមិម្លូព្រៃ ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។
សេចក្តីរាយការណ៍បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការបង្ក្រាបឈើរបស់កម្លាំងសមត្ថកិច្ចចម្រុះស្រុកឆែប នាពេលនោះ កម្លាំងបង្ក្រាបបានដកហូតឈើសន្និធិ (ឈើគ្មានម្ចាស់) ប្រភេទលេខ១ (ឈើផ្ចឹក) ចំនួន៩៣សន្លឹក ស្មើនឹង ២,៩៧៨ (ពីរម៉ែត្រត្រីគុណ ប្រាំបួនរយចិតសិបប្រាំបី) ។ ក្រោយការបង្ក្រាប និងដកហូត ឈើទាំងនោះត្រូវបានដឹកជញ្ជូនតាមគោយន្តកន្ត្រៃ ២គ្រឿង យកទៅប្រគល់ជូនលោក គង់ ប៊ុនហួន នាយរងផ្នែករដ្ឋបាលព្រៃឈើឆែប ជាអ្នកទទួល និងថែរក្សាជាបណ្ដោះអាសន្ន រង់ចាំការសម្រេចពីសមត្ថកិច្ចថ្នាក់លើ ចំពោះមុខផ្នែករដ្ឋបាលព្រៃឈើឆែប និង ធ្វើសេចក្ដីប្រកាសជូនដំណឹង ដើម្បីស្វែងរកម្ចាស់ឈើអារខាងលើ ចាត់ការតាមនីតិវិធី។
សូមជម្រាបថា លោក ឃិត សុធារ៉ា ត្រូវបានប្រកាសចូលកាន់តំណែងជា អភិបាល នៃគណៈអភិបាលស្រុកឆែប ខេត្តព្រះវិហារ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥៕ដោយ៖ឡុង សំបូរ