កសិករដាំទុរេននៅឃុំកូនសត្វអស់ក្តីកង្វល់បន្ទាប់ពីទទួលបានជំនួយបច្ចេកទេសពីមន្ត្រីកសិកម្មឃុំ

0

ខេត្តកំពត: ប្រជាកសិករដាំដំណាំទុរេននៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពតបានបង្ហាញក្តីសប្បាយរីករាយ និងត្រេកអរយ៉ាងខ្លាំង បន្ទាប់ពីដំណាំទុរេនរាប់ហិកតាដែលមានបញ្ហាចង់ងាប់ដើម ត្រូវបានមន្ត្រីបច្ចេកទេសកសិកម្មឃុំរបស់ខ្លួន ជួយសង្គ្រោះទាន់ពេលវេលា។ ពូកគាត់បានថ្លែអំណរគុណដល់រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់មន្ត្រីមានជំនាញមានបទពិសោធន៍ច្បាស់លាស់ជួយដល់កសិករ។

ប្រជាកសិករដាំដំណាំទុរេននៅឃុំកូនសត្វ បានបញ្ជាក់ថា កន្លងមកពួកគាត់ដាំទុរេនមិនមានបច្ចេកទេសថែទាំត្រឹមត្រូវនោះទេ គឺជឿតាមបុគ្គលិកក្រុមហ៊ុនលក់ជី ហើយនៅពេលជួបបញ្ហាម្តងពិបាកចិត្តណាស់ ខំទៅទិញថ្នាំនេះ ទិញជីនោះយកមកដាក់តាមតែគេប្រាប់។ ប៉ុន្តែរយៈពេលជាងមួយឆ្នាំនេះ បន្ទាប់ពីទទួលបានបច្ចេកទេស និងស្តាប់តាមការណែនាំរបស់មន្ត្រីកសិកម្មឃុំ ឃើញថាទុរេនចាប់ផ្តើមផ្តល់ផល និងមានសុខភាពល្អគួរឲ្យពេញចិត្ត ធ្វើឲ្យគាត់មានទំនុកចិត្តក្នុងការពង្រីកផ្ទៃដីដាំបន្ថែម ខណៈដែលទុរេនកំពតមានរសជាតិឆ្ងាញ់ និងតម្លៃល្អ អាចជួយបង្កើនសេដ្ឋកិច្ចគ្រួសារឲ្យកាន់តែប្រសើរ។

មន្ត្រីបច្ចេកទេសកសិកម្មឃុំកូនសត្វ លោក ម៉ី ភារ៉ា បានបញ្ជាក់នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះថា មកដល់ពេលនេះ ចម្ការទុរេនដែលជួបបញ្ហាផ្សេងៗ រហូតចង់ងាប់ដើម ត្រូវបានជួយសង្គ្រោះ១០០%ហើយ ដោយដើមទុរេនដែលបានជួយសង្គ្រោះទាំងនោះ ខ្លះមានផ្កា ផ្លែ បានផលច្រើនទៀតផង។

មន្ត្រីបច្ចេកទេសកសិកម្មរូបនោះ ក៏បានបន្ថែមថា ការងារទាំងនេះជាផែនការយុទ្ធសាស្ត្ររបស់ លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ ដែលលោកបានណែនាំដល់អាជ្ញាធរឃុំ មន្ត្រីជំនាញពាក់ព័ន្ធ ឲ្យខិតខំជំរុញវិស័យកសិកម្មឲ្យកាន់តែប្រសើរ តាមរយៈការរៀបចំជាបណ្តុំ ឬសហគមន៍ទាំងលើដំណាំបន្លែ និងដំណាំហូបផ្លែផ្សេងៗ ពិសេសទុរេនឃុំកូនសត្វតែម្តង ដើម្បីរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរ ឲ្យមកកម្សាន្តនៅឃុំកូនសត្វ ដែលជាតំបន់កសិ-ទេសចរណ៍ ឲ្យកាន់តែច្រើនឡើង ខណៈដែលខេត្តកំពតកំពុងមានកំណើនភ្ញៀវទេចរខ្ពស់៕ សេង ណារិទ្ធ