ខេត្តក្រចេះ៖ មន្ត្រីជំនាញនៃមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ សហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ ចុះបង្ក្រាបទីតាំងធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់ ២កន្លែង ដោយតម្រូវឱ្យម្ចាស់អាជីវកម្ម ធ្វើកិច្ចសន្យាផ្អាកសកម្មភាពរុករករ៉ែមាសអនាធិបតេយ្យជាបន្ទាន់។
ប្រតិបត្តិការចុះបង្ក្រាបអាជីវកម្មរ៉ែមាសខុសច្បាប់ ទាំងពីរទីតាំងនោះ បានធ្វើឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅចំណុចអូត្រូន ស្ថិតនៅក្នុងភូមិអូពោរ ឃុំក្បាលដំរី ស្រុកអូគ្រៀងសែនជ័យ ខេត្តក្រចេះ ។
ប្រធានមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ លោក រត្ន័ តុលា បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបអាជីវកម្មរ៉ែមាស ទាំង២ទីតាំងនោះ ខណៈដែលម្ចាស់ទីតាំងកំពុងធ្វើសកម្មភាពរុករករ៉ែមាសដោយខុសច្បាប់។
លោកប្រធានមន្ទីរបានបញ្ជាក់ថា ការចុះបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធមិនបានដកហូតយកឧបករណ៍សម្ភារៈអ្វីនោះទេ ដោយគ្រាន់តែហៅម្ចាស់ទីតាំងទាំង ២នោះ មកធ្វើកិច្ចសន្យា ដោយតម្រូវឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់ ប្រសិនបើម្ចាស់ទីតាំងទាំង២ នៅតែបន្តសកម្មភាពរុករករ៉ែមាស ដោយខុសច្បាប់នោះទៀត នោះអាជ្ញាធរ និងសមត្ថកិច្ចជំនាញនឹងចាត់វិធានផ្លូវច្បាប់៕ដោយ៖ឡុង សំបូរ