ក្រុមហ៊ុនមកពីប្រទេសកូរ៉េ កំពុងសម្លឹងរកឱកាសវិនិយោគទីតាំងកីឡាអេឡិចត្រូនិកនៅកម្ពុជា

0

សៀមរាប:នៅសាលប្រជុំសាលាខេត្តសៀមរាប នាថ្ងៃទី៣០ខែមេសា ឆ្នាំ២០២៥ មានធ្វើកិច្ចប្រជុំជាមួយអាជ្ញាធរខេត្តសៀមរាប ដើម្បីពិនិត្យនិងពិភាគ្សាស្តីពីការសិក្សាទីតាំងដី
ក្នុងការវិនិយោគកីឡាអេឡិចត្រូនិកនៅខេត្តសៀមរាប តំណាង ក្រុមហ៊ុន Esport Holding មក ពីប្រទេសកូរ៉េ បានឲ្យដឹងថា បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងបណ្តាប្រទេសធំៗមួយចំនួន ក្រុមមានបំណងពង្រីកនូវការលេងកីឡាប្រភេទថ្មីនេះ នៅកម្ពុជា ដោយក្នុងនោះក្រុមហ៊ុនបានសម្លឹងទីតាំងចំនួន២ គឺនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។ ក្រុមហ៊ុនមកពីប្រទេសកូរ៉េ ដែលកំពុងទទួលបានជោគជ័យក្នុងវិស័យកីឡាអេឡិចត្រូនិក (E-sport) បាននឹងកំពុងចាប់អារម្មណ៍ក្នុងការវិនិយោគកីឡាប្រភេទនេះ នៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។
លោកតំណាងក្រុមហ៊ុន ឲ្យដឹងទៀតថា សម្រាប់ខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍ដ៏សំខាន់របស់កម្ពុជានោះ វាក៏ជាឱកាសមួយនៅក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់ខ្លួនតាមរយៈព្រឹត្តិការណ៍កីឡានានាផងដែរ ។ បើ តាមតំណាងក្រុមហ៊ុន កីឡាអ៊ីស្ប៉ត មិនមែនជាប្រភេទល្បែងពន្វក់ស្មារតីនោះទេ ប៉ុន្តែវាជាប្រភេទកីឡាដែលទាមទារឲ្យអ្នកប្រកួតមានការហ្វឹកហាត់ច្បាស់លាស់ សម្រាប់ការប្រកួត ។ លោកថា បើទោះបីវាជាប្រភេទកីឡាមួយថ្មី ប៉ុន្តែវាត្រូវបានទទួលស្គាល់ជាសាកល ដោយក្នុងនោះកីឡាអ៊ីស្ប៉តត្រូវបានដាក់បញ្ចូលជាវិញ្ញាសារកីឡាក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកផងដែរ។
សូមជម្រាបថា នៅកម្ពុជា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា អក្សរកាត់ «សអក»ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៤ហើយត្រូវបានទទួលស្គាល់ជាផ្លូវការដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ីអាគ្នេយ៍ សហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ី និងសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិផងដែរ។
លោក លី សារី អភិបាលរងខេត្តសៀមរាប បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការជ្រើសរើសយកខេត្តសៀមរាប សម្រាប់ជាទីតាំងវិនិយោគ។ លោកថា នៅខេត្តសៀមរាបក្រៅពីវិស័យទេសចរណ៍ ខេត្តក៏មានសក្តានុពលផ្សេងៗជាច្រើនដែលបង្កបរិយាកាសល្អដល់អ្នកវិនិយោគមកពីបណ្តាប្រទេសនានា ដូចជាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលអាចទទួលបាននូវការចុះចតរបស់យន្តហោះធំៗ ជាមួយនេះ រាជរដ្ឋាភិបាលក៏មានគម្រោងសាងសង់ផ្លូវល្បឿនលឿន និងផ្លូវរថភ្លើងជាដើម ដែលនេះ សុទ្ធជាការបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគនៅក្នុងខេត្តសៀមរាប។ លោកអភិបាលរងខេត្តសៀមរាប ក៏បានបង្ហាញក្តីរំពឹងថា ការចូលរួមរបស់វិស័យឯកជននេះ នឹងជួយរួមចំណែកធំដល់ការផ្សព្វទេសចរណ៍កីឡា ដែលអាចទាក់ទាញកីឡាករមកពីគ្រប់ទិសទីចូលមកកាន់ប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប ។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី លោកអភិបាលរងក៏បានជម្រុញដល់ភាគីក្រុមហ៊ុនត្រូវគោរពនូវគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានារបស់កម្ពុជាផងដែរ៕