កំពង់ធំ៖ សមត្ថកិច្ចចម្រុះខេត្តកំពង់ធំ បានបង្ក្រាបរថយន្តមួយគ្រឿង របស់ឈ្មួញឈើជើងខ្លាំង ប្រចាំខេត្តកំពង់ធំ កន្លងមកពុំដែលមានសមត្ថកិច្ចណាហ៊ានបង្រ្កាបនោះឡើយ និងតែងតែធ្វើសកម្មភាពដូចភ្លៀងរលឹម ដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ យ៉ាងគគ្រឹកគ្រេងនៅចំណុចភូមិអូរក្រពើ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ការបង្ក្រាបនេះ ត្រូវបានធ្វើឡើង ដោយសារតែ បទបញ្ជាដ័តឹងរ៉ឹងម៉ឺងម៉ាត់ របស់ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ កុំអីឈ្មួញឈើបានដឹកឈើខុសច្បាប់ដោយរលូនដូចសព្វមួយដង តែអណ្ណត្តិ អភិបាលខេត្តថ្មី បានប្តេជ្ញាចិត្តមិនមានការយោគយល់ អត់អោនឲ្យក្រុមឧក្រិដ្ឋជនព្រៃឈើ កាប់បំផ្លាញធនធានធម្មជាតិជាដាច់ខាត ហើយក៏មិនបានយកក្រុមឈ្មួញរកស៊ីខុសច្បាប់ទាំងនេះធ្វើជាសាច់ញ្ញាតិបងប្អូនដែរ ដោយឡែកការបង្រ្កាបនេះ ដោយមានការសម្របសម្រួលដោយព្រះរាជអាជ្ញាខេត្តកំពង់ធំ នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោងប្រមាណ ៩និង១៥នាទីព្រឹក។
លោកភ័ក្រ តែងតែប្រើប្រាស់រថយន្តដែលត្រូវបានបង្ក្រាបជារថយន្តម៉ាក Hyundai bearing លេខផ្លាក 3A-3085 (កំពង់ចាម) ធ្វើសកម្មភាពដឹកជញ្ជូនព្រៃឈើដោយខុសច្បាប់ លុះនាទីនៃការបង្រ្កាប ជនសង្ស័យឈ្មោះ ភ័ក្រ បានរត់គេចខ្លួនបាត់ស្រមោល តាមទម្លាប់ខណៈសមត្ថកិច្ចចុះទៅដល់ទីតាំង។
វត្ថុតាងនៃបទល្មើស ទោះបីជាព័ត៌មានលម្អិតអំពីប្រភេទ និងបរិមាណឈើមិនត្រូវបានបញ្ជាក់ជាក់លាក់ក៏ដោយ តែវត្ថុតាងបានចាប់យកមករក្សាទុកនៅអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ដើម្បីបន្តដំណើរការតាមនិតិវិធីច្បាប់។
ប្រជាពលរដ្ឋមួយចំនួនបានទទូច និងសំំណូមពរដល់អស់លោកសមត្ថកិច្ច កុំឲ្យចូលដៃចូលជើង ឃុបឃិតជាមួយជនសង្ស័យដើម្បីប្រព្រឹត្តបទល្មើសបំផ្លាញធនធានធម្មជាតិទៀត ដើម្បីរក្សាផលអនុផលព្រៃឈើឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ផង ដោយសារកន្លងមកលឺថាសមត្ថកិច្ចចាប់ បង្រ្កាបរាល់តែថ្ងៃ តែសកម្មភាពដឹកជញ្ជូនរបស់ឈ្មួញនៅតែដឹកកក្រើកដី កាត់មុខទីស្នាក់ការមេព្រៃ បរិស្ថានស្ទើររាល់ថ្ងៃ។
ប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ថា រថយន្តនោះជាកម្មសិទ្ធិរបស់បុគ្គលឈ្មោះ ភ័ក្រ ដែលមានទីលំនៅភូមិអូរគរគីក្រោម។ គេត្រូវបានគេស្គាល់ថាជាឈ្មួញដុះស្លែប្រចាំតំបន់ និងជាអ្នកលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលកាប់ឈើខុសច្បាប់ពីតំបន់ព្រៃឡង់ រួចដឹកមកស្តុបនៅភូមិអូរក្រពើ ដើម្បីដឹកចេញទៅទីផ្សារនៅរៀងរាល់ថ្ងៃ។
ប្រជាពលរដ្ឋបានសម្ដែងការគាំទ្រដល់សមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសបំផ្លាញធនធានធម្មជាតិ ហើយបានស្នើសុំឲ្យអាជ្ញាធរថ្នាក់ជាតិ និងខេត្ត ធ្វើការស្រាវជ្រាវ និងនាំចេញនូវវិធានការតឹងរឹងលើបុគ្គលឈ្មោះ ភ័ក្រ ដើម្បីអនុវត្តច្បាប់ដោយគ្មានការលើកលែង ដូចដែលបានដាក់ចេញក្នុងទស្សនៈនៃការការពារធនធានជាតិតាមគោលនយោបាយរបស់ដឹកនាំជាតិ។
ដោយប៊ុនរដ្ឋា