មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង នាំយកអំណោយសម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ឧបត្ថម្ភដល់អតីតយុទ្ធជន គ្រួសារកងទ័ព និងប្រជាពលរដ្ឋក្រីក្រ ២០០គ្រួសារ

0

ខេត្តស្ទឹងត្រែង៖ អតីតយុទ្ធជន គ្រួសារកងទ័ព និងប្រជាពលរដ្ឋក្រីក្រ ២០០គ្រួសារនៅក្នុងខេត្ត ទទួលបានអំណោយដ៏ថ្លៃថ្លា ជាគ្រឿងឧបភោគ បរិភោគ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈនាយឧត្តមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត លោកឧត្តមសេនីយ៍ត្រី តន ឆៃ នៅថ្ងៃទី១៨មេសា២០២៥នេះ បានឆក់យកឱកាសដ៏មមាញឹកពីកិច្ចការងារបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋ បានអញ្ជើញដឹកនាំនាយទាហាន និងក្រុមការងារសមាគមថ្នាក់ខេត្ត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធជន គ្រួសារកងទ័ព និងប្រជាពលរដ្ឋក្រីក្រ ២០០គ្រួសារ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង។

គ្រួសារអតីតយុទ្ធជន គ្រួសារកងទ័ព និងប្រជាពលរដ្ឋក្រីក្រទាំង ២០០គ្រួសារ ក្នុង១គ្រួសារៗ ទទួលបានអំណោយពីសម្តេចធិបតី និងលោកជំទាវបណ្ឌិត រួមមាន៖ អង្ករ ២៥គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងត្រីខកំប៉ុង ១យួរ ផងដែរ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី តន ឆៃ បានពាំនាំប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹកពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះអតីតយុទ្ធជន គ្រួសារកងទ័ព និងប្រជាពលរដ្ឋក្រីក្រទាំងអស់ ថា សម្តេចនៅតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូន គ្រប់ពេលវេលា។

លោកឧត្តមសេនីយ៍ត្រី តន ឆៃ មានប្រសាសន៍ថា សព្វថ្ងៃនេះថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ណាស់ ចំពោះបងប្អូនអតីតយុទ្ធជន គ្រួសារកងទ័ព និងប្រជាពលរដ្ឋក្រីក្រទាំងអស់ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ អត់អាហារស្លាប់នោះទេ។ ដូច្នេះ ក្នុងនាមយើងជាប្រជាពលរដ្ឋ ត្រូវមានឆន្ទៈស្មោះត្រង់ ដើម្បីការពារសន្តិភាព ដែលមានមកដល់សព្វថ្ងៃនេះ ឱ្យបានគង់វង្សជារៀងរហូត។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី តន ឆៃ បានថ្លែង រំលឹកពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលកាន់កាប់អំណាចបានតែ ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ប្រជាជនបានរងការបង្អត់អាហារ ធ្វើការគ្មានពេលសម្រាក ពេលឈឺគ្មានថ្នាំសង្កូវ និងនាំយកទៅសម្លាប់ចោលគ្មានត្រាប្រណី ដោយអយុត្តិធម៌បំផុត។

លោកឧត្តមសេនីយ៍មេបញ្ជាការ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យពង្រឹងសាមគ្គីភាពគ្នាឱ្យបានល្អ ដើម្បីការពារសន្តិភាព ការពារមាតុភូមិ ឱ្យបានរឹងមាំបន្ថែមទៀត សូមកុំជឿទៅលើពួកអគតិជ្រុលនិយមមួយក្រុមតូច ដែលមកញុះញង់បំបែកបំបាក់ ធ្វើឱ្យប្រទេសជាតិ ធ្លាក់ចូលក្នុងសង្គ្រាម ដូចមុនម្តងទៀតឱ្យសោះ។

លោកឧត្តមសេនីយ៍ត្រី តន ឆៃ ក្នុងនាមប្រធាន អនុប្រធាន សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង សូមថ្លែង អំណរគុណ ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភ នូវស្បៀង គ្រឿងឧបភោគ បរិភោគ ដែលបាននាំយកមកចែកជូនបងប្អូននៅពេលនេះ៕ដោយ៖ឡុង សំបូរ