ក្រុមហ៊ុន Shanghai Hantang Shipping កំពុងសិក្សាឈ្វេងយល់បន្ថែមពីបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា

0

ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុលបាន អញ្ជើញនាយកប្រតិបត្តិក្រុមហ៊ុន Shanghai Hantang Shipping មកសិក្សាឈ្វេងយល់បន្ថែមពីបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា សំដៅពង្រឹង និងពង្រីកមុខសញ្ញាវិនិយោគរបស់ខ្លួនបន្ថែមទៀត។

ក្នុងដំណើរទស្សនកិច្ចការងារទៅកាន់ទីស្នាក់ការក្រុមហ៊ុន Shanghai Hantang Shipping Co., Ltd. ក្នុងគោលបំណងសិក្សាស្វែងយល់អំពីមុខសញ្ញាវិនិយោគ និងពិនិត្យលទ្ធភាពទាក់ទាញឱ្យមកបោះទុនវិនិយោគនៅកម្ពុជា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ជូនចំពោះគណៈប្រតិភូកម្ពុជានាឱកាសនេះ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ជូនចំពោះភាពរីកលូតលាស់របស់ក្រុមហ៊ុន ដែលគួរយកជាករណីសិក្សា។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញលោកនាយកប្រតិបត្តិ និងសហការី ពិនិត្យលទ្ធភាព និងឱកាសមកធ្វើទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជាដើម្បីសិក្សាឈ្វេងយល់បន្ថែមពីបរិយាកាសវិនិយោគ និងធុរកិច្ច សំដៅពង្រឹង និងពង្រីកមុខសញ្ញាវិនិយោគរបស់ខ្លួនបន្ថែមទៀត តាមរយៈការច្បាមយកឱកាសវិនិយោគលើវិស័យដែលមានសក្តានុពល និងស្របតាមឯកទេសរបស់ក្រុមហ៊ុនផ្ទាល់។

លោកនាយកប្រតិបត្តិ បានសម្តែងនូវសេចក្តីសោមនស្សចំពោះគណៈប្រតិភូ ដែលបានឆ្លៀតពេលវេលាអញ្ជើញមកធ្វើទស្សនកិច្ចមកកាន់ក្រុមហ៊ុនរបស់លោកនាឱកាសនេះ។ បន្ថែមពីនេះ លោកបានធ្វើការពិព័ណ៌នាអំពីសាវតាររបស់ក្រុមហ៊ុន ក៏ដូចជាវឌ្ឍនភាពថ្មីៗនៃប្រតិបត្តិការរបស់ខ្លួន។ ស្របគ្នានេះដែរ លោក Jason ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកផែនការវិនិយោគរបស់ខ្លួនមកកាន់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការរចនានាវាចរណ៍ពហុបំណង, ការនាំចេញនាវាពីសៀងហៃចូលមកទីផ្សារកម្ពុជា, ការធ្វើស្ថាបនូបនីយកម្មក្រុមហ៊ុនក្រោមរូបភាពភាគហ៊ុនិក, និងការបោះទីតាំងផលិតនាវា ជាដើម៕