ខេត្តព្រះវិហារ៖ ប្រសាសន៍ដាស់តឿន ក្រើនរំលឹករបស់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា ប្រចាំខែមីនា និងដាក់ចេញទិសដៅការងារយោធា ប្រចាំខែមេសា ឆ្នាំ២០២៥ របស់តំបន់ប្រតិបត្តិការសឹករងព្រះវិហារ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ។
កិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា ប្រចាំខែមីនា និងដាក់ចេញទិសដៅការងារយោធា ប្រចាំខែមេសា ឆ្នាំ២០២៥ ដែលធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា នោះ ក៏មានការអញ្ជើញចូលរួមពី លោកវរសេនីយ៍ឯក ម៉ៅ សុវណ្ណ មេបញ្ជាការរង និងជានាយសេនាធិការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ មេបញ្ជាការរង នាយសេនាធិការរង មេបញ្ជាការវរសេនាតូចទាំង២ កងអនុសេនាធំ មេបញ្ជាការផ្នែកសឹករងក្រុង-ស្រុកទាំង៧ នាយការិយាល័យ នាយផ្នែក ដែលជាអង្គភាពចំណុះ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ផងដែរ។
នាឱកាសនោះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចឱ្យបានល្អបន្ដទៀត ជាពិសេសតាមបណ្ដាអង្គភាពព្រំដែន កម្ពុជា-ថៃ និងកម្ពុជា-ឡាវ ត្រូវយកចិត្តទុកដាក់យាមល្បាតឱ្យបានជាប់ជាប្រចាំ ត្រូវរួមគ្នាឈរលើស្មារតីស្មោះត្រង់ ដាច់ខាតការពារបូរណភាពទឹកដី និងត្រូវបង្កើនលើការងារទំនាក់ទំនង ជាមួយកងកម្លាំងប្រទេសជិតខាងឱ្យបានល្អប្រសើរ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានជំរុញឱ្យបន្តទប់ស្កាត់បទល្មើសនានា ជាពិសេសត្រូវទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែនខុសច្បាប់ ឱ្យបានខ្លាំងក្លាបំផុត ក្រៅពីនោះ ត្រូវបន្តយកចិត្តទុកដាក់ ហ្វឹកហ្វឺនតាមបណ្តាកងឯកភាព នូវយុទ្ធវិធីជំនាញជាក់ស្តែង ការងារអប់រំចិត្តសាស្ត្រ សតិអារម្មណ៍ ការងារបំផុសចលនាប្រឡងប្រណាំងនៅតាមបណ្តាអង្គភាព ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងហាមមិនឱ្យមានការប្រើប្រាសគ្រឿងញៀន នៅក្នុងអង្គភាពជាដាច់ខាត៕ដោយ៖ឡុង សំបូរ