ខេត្តកំពត: ក្រោយពីទទួលបានព័ត៌មានពីបណ្តាញសង្គម និងពាក្យស្នើសុំអន្តរាគមន៍ពីប្រជាពលរដ្ឋចំនួន១៣គ្រួសារ ថាមានទីតាំងផលិតព្រំក្បឿង និងកូនជ្រូកសន្សំលុយមួយកន្លែង នៅស្រុកអង្គរជ័យបានបង្កផលរំខាន មានដូចជាសំឡេង ក្លិន និងសំណល់មិនល្អ ធ្វើឲ្យប៉ះពាល់សុខភាព មន្ត្រីជំនាញ និងអាជ្ញាធរបានចុះទៅ
ពិនិត្យដល់ទីតាំង និងបានណែនាំឲ្យម្ចាស់ទីតាំងនោះកែសម្រួលផលរំខាន ឬអាចប្តូរទីតាំងថ្មី។
បន្ទាប់ពីទទួលបានព័ត៌មានពីបណ្តាញសង្គម និងពាក្យស្នើសុំអន្តរាគមន៍ពីប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះលោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្តកំពត និងលោក មួង នឿន អភិបាលស្រុកអង្គរជ័យ បានដឹកនាំក្រុមមន្រ្តីជំនាញចុះពិនិត្យជាក់ស្តែង ទីតាំងផលិតព្រំក្បឿង និងកូនជ្រូកសន្សំលុយរបស់ឈ្មោះ លុយ នីម (ប៊ុន សុវណ្ណារិទ្ធ) ស្ថិតនៅភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត ដើម្បីកំណត់ទំហំ ឬកម្រិតនៃផលប៉ះពាល់។
ក្រោយពីបានពិនិត្យទីតាំងជាក់ស្តែងរួច មន្រ្តីជំនាញ និងអាជ្ញាធរបានចាត់វិធានការតាមលក្ខណៈបច្ចេកទេស ដែលធ្វើឱ្យភាគីពាក់ព័ន្ធទាំងអស់ ព្រមទទួលយកប្រកបទៅដោយភាពសាទរ ដោយក្នុងនោះ មន្ត្រីជំនាញ និងអាជ្ញាធរតម្រូវឱ្យម្ចាស់ទីតាំងផលិតព្រំក្បឿង និងកូនជ្រូកសន្សំលុយ៖ ទី១. រៀបបន្ទប់សម្រាប់ដាក់ម៉ាស៊ីនខ្យល់នៅទីតាំងថ្មី ដើម្បីកាត់បន្ថយសំឡេងរំខាន។ ទី២. ធ្វើឃ្លាំងបិទជិត ដោយរៀបជញ្ជាំងថ្ម និងបាំងស័ង្កសី ដើម្បីកាត់បន្ថយក្លិនភាយចេញពីការបាញ់ថ្នាំពណ៌ (ធ្វើឱ្យបានរួចរាល់ក្នុងរយៈពេល៤៥ថ្ងៃ)។ ទី៣. រៀបចំអាងស្តុកសំណល់រាវ ដើម្បីទប់ស្កាត់សំណល់រាវហូរចេញពីទីតាំង។ ទី៤. បញ្ឈប់ការចាក់សំរាម សំណល់រឹង នៅក្បែរត្រពាំងទឹកដែលប្រជាពលរដ្ឋប្រើប្រាស់ ជៀសវាងប៉ះពាល់ដល់ប្រភពទឹក ដែលប្រជាពលរដ្ឋប្រើប្រាស់។ ជាមួយគ្នានេះដែរ ក្នុងកំឡុងពេលកែសម្រួលដូចបានរៀបរាប់ខាងលើ ម្ចាស់ទីតាំងផលិតត្រូវកាត់បន្ថយបរិមាណនៃការផលិត ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។
មន្ត្រីជំនាញ និងអាជ្ញាធរក៏បានបញ្ជាក់ដែរថា ក្នុងករណីម្ចាស់ទីតាំងមិនបានកែសម្រួលផលរំខានតាមការណែនាំនោះទេ អាជ្ញាធរមូលដ្ឋាននឹងបិទទីតាំងខាងលើ ដោយតម្រូវឱ្យប្តូរទីតាំងថ្មី ដែលគ្មានផលប៉ះពាល់ ឬរំខានដល់ប្រជាពលរដ្ឋ៕ សេង ណារិទ្ធ




































