កំពង់ចាម: ក្នុងអង្គសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៦ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ត្រូវបានអង្គសន្និបាត ផ្តល់ការគាំទ្របោះឆ្នោតឱ្យបន្តជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ក្នុងអាណត្តិទី៦នេះ ដើម្បីបន្តបំពេញបេសកកម្មការងារជូនកាកបាទក្រហមកម្ពុជា ដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
ក្នុងនាមគណៈកម្មាធិការសាខា អាណត្តិថ្មីនេះ ឯកឧត្ដម អ៊ុន ចាន់ដា បានធ្វើការប្តេជ្ញាចិត្ត ប្រមូលផ្តុំកម្លាំងមនុស្សធម៌ ចូលរួមលើកកម្ពស់ជីវភាព របស់ជនងាយរងគ្រោះបំផុត និងជនរងគ្រោះ តាមរយៈវិស័យអាទិភាពទាំង ៤ ពិសេសការដោះស្រាយឆ្លើយតបភ្លាមៗ ទៅនឹងភាពងាយរងគ្រោះ និងបញ្ហាប្រឈមនានាបានឆាប់រហ័ស និងទាន់ពេលវេលា ស័ក្តិសមជាជំនួយការជូនអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌។ ព្រមទាំងខិតខំលើកកម្ពស់តម្លៃមនុស្សធម៌ និងសេចក្តីថ្លៃថ្នូរមនុស្សជាតិ ជួយសម្រាលទុក្ខលំបាក និងពង្រីកការ ផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋ ។
ក្នុងឱកាសនោះដែរ លោកជុំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអបអរសាទរ ចំពោះលទ្ធផលការបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម អាណត្តិទី៦ ចំនួន ១៥រូប និងបោះឆ្នោតជូនឯកឧត្តម អ៊ុន ចាន់ដា ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា អាណត្តិទី៦ តំណាងឱ្យកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអនុវត្តត្រឹមត្រូវតាមច្បាប់ លក្ខន្តិករបស់កាកបាទក្រហមកម្ពុជា។
ជាមួយគ្នានោះ លោកជំទាវ អគ្គលេខា ក៏បានផ្តាំផ្ញេី ឱ្យពង្រឹងស្មារតីសាមគ្គីភាព ឯកភាពសាខា អនុសាខា ក្រុមប្រតិបត្តិតាមរយៈយន្តការផែនការប្រចាំឆ្នាំ ដើម្បីវាយតម្លៃសូចនាករ វាស់វែងលទ្ធផលដែលសម្រេចបាន និងបែងចែកការងារជូនប្រធាន អនុប្រធាន សមាជិកទើបជាប់ឆ្នោតអាណត្តិទី៦ ក្រៅពីនោះត្រូវអនុវត្តនូវអភិបាលកិច្ចល្អប្រកបដោយតម្លាភាព គណនេយ្យភាពតាមលក្ខខន្តិករបស់ កាកបាទក្រហម និងត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋផងដែរ ៕




































