ឯកឧត្តម ម៉ាង ស៊ីណេត អបអរសាទរលោក លោកស្រីទាំង ២៧រូប ដែលបានប្រកាសមុខតំណែងជាផ្លូវការ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុងកំពង់សោម នៃខេត្តព្រះសីហនុ

0

ក្រុងកំពង់សោម៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រឹកថ្ងៃសុក្រទី១៣ ខែមិថុនាឆ្នាំ២០២៥បានអញ្ជើញជាគណៈធិបតីក្នុងពិធីប្រកាសមុខតំណែងគ្រប់គ្រងក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ដោយមានការ ចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលអភិបាល ក្រុងកំពង់សោម លោក លោកស្រី ក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង នាយកនាយករងរដ្ឋបាលសាលាក្រុង ប្រធាន អនុប្រធានការិយាល័យ មន្រ្តីរាជការចំណុះរដ្ឋបាលក្រុងកំពង់សោម កងកម្លាំងប្រដាប់អាវុធ ចៅសង្កាត់ ស្មៀន មេភូមិ ព្រមទាំងសមាជិក សមាជិកា នៅសាលាក្រុងកំពង់សោម ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអបអរសាទរចំពោះលោក លោកស្រីទាំង ២៧រូប ដែលត្រូវបានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) សម្រេចធ្វើសមាហរណកម្មមន្រ្តីរាជការនិងរៀបចំមុខតំណែងគ្រប់គ្រងនៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុងកំពង់សោមនៃខេត្តព្រះសីហនុ តាមសេច ក្តីសម្រេចលេខ០៥៥ សសរ/គ.ជ.អ.ប ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ផ្តល់ការណែនាំដល់លោក លោកស្រី ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃរដ្ឋបាលក្រុងកំពង់សោម អំពីកិច្ចការសំខាន់ៗមួយចំនួនដូចខាងក្រោម៖ បន្តថែរក្សា និងពង្រឹង សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជាកត្តាគន្លឹះសម្រាប់បង្កបរិយាកាសដល់ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម សំដៅអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យប្រកបដោយចីរភាព និងពង្រឹងសុខដុមនីយកម្ម ក្នុងសង្គម។

ជាមួយគ្នានេះឯកឧត្តមក៏បានមានប្រសាសន៏សង្កត់ធ្ងន់ផងដែរថា៖ គណៈបញ្ជាការឯកភាព គ្រប់លំដាប់ ថ្នាក់ត្រូវពង្រឹងការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាននិងដាក់ចេញនូវវិធានការនានាសំដៅទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់សកម្មភាពប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរនិងអសន្តិសុខក្នុងសង្គម។ត្រូវយកចិត្តទុកដាក់អប់រំណែនាំនិងបកស្រាយបំភ្លឺជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលានូវរាល់សកម្មភាពបំផុសបំផុលការផ្សព្វផ្សាយព័ត៌មានមិនពិតនិងសកម្មភាពផ្សេងៗដែលមានចរិតអុចអាលបង្កឱ្យមានហិង្សាក្នុងសង្គមនិងខិតខំបំផុស អប់រំប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចូលរួមការពារផលប្រយោជន៍សាធារណៈផលប្រយោជន៍សហគមន៍និងជៀសវាងការចូលរួមក្នុងសកម្មភាពទាំងឡាយណាដែលផ្ទុយពីច្បាប់ក៏ដូចសកម្មភាពដែលប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនយោបាយ។ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងដោះស្រាយជម្លោះ និងការទាមទារតវ៉ានានាប្រកបដោយ សន្តិវិធីផ្អែកលើគោលការណ៍ច្បាប់យុត្តិធម៌សង្គមនិងត្រូវជៀសវាងដាច់ខាតនូវអំពើហិង្សាតាមគ្រប់រូបភាព។ជំរុញការចូលរួមអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដែលមានលក្ខណសម្បត្តិ ០៧យ៉ាង រួមមាន៖១.ផ្តល់សេវាសាធារណៈជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាពតម្លាភាពនិងទទួលបានជំនឿទុកចិត្ត ២.គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ៣.មាន៣សណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។៥.ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។៦.មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។៧.ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ សង្ឃឹមជឿជាក់ថា លោក លោកស្រីនឹងប្រើប្រាស់សមត្ថភាព និងបទពិសោធន៍ក្នុងការចូលរួមដឹកនាំ ចាត់ចែងអនុវត្តតាមតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន ប្រកបដោយមនសិការវិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់ រួមគ្នាអភិវឌ្ឍក្រុងកំពង់សោមឱ្យកាន់តែមានការរីកចម្រើនសម្រេចបាននូវសមិទ្ធផល និងស្នាដៃថ្មីៗបន្ថែមទៀត។ ព្រោះការការអភិវឌ្ឍប្រទេសជាតិ គឺចាប់ផ្តើមពីភូមិ ឃុំ សង្កាត់ ក្រុង ស្រុក និងខេត្ត គណ:បញ្ជាការគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់លើការបង្កើតភាពវឹកវរនៅក្នុងសង្គម ចូលរួមអនុវត្តតាមច្បាប់ លិខិតបទដ្ឋានគតិយុទ្ធានានាឪ្យមានប្រសិទ្ធភាព យើងត្រូវធ្វើកូនល្អ សិស្សល្អ និងពលរដ្ឋល្អ ទន្ទឹមនោះ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ស្ថាប័នតុលាការ មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ សូមផ្តល់ការគាំទ្រដល់រដ្ឋបាលក្រុងកំពង់សោម ក្នុងការអនុវត្តតួនាទី ភារកិច្ច បន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផល ៕

នាគសមុទ្រ