ខេត្តកំពត: មន្ត្រីជំនាញបានបញ្ជាក់ថា ការងារគ្រប់គ្រងជលផលនៅខេត្តកំពតមានភាពល្អប្រសើរ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសក្រោមការណែនាំចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ធ្វើឲ្យផលនេសាទរក្សាបាននូវកំណើន និងនិរន្តរភាព។
ជាក់ស្តែងនៅឆមាសទី១ឆ្នាំ២០២៥នេះ ខេត្តកំពតប្រមូលផលនេសាទបានជាង១ម៉ឺនតោន គឺកើនឡើងប្រមាណ៥% បើធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំមុន។
នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត លោក ស សូរិន បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះថា សម្រាប់ទីតាំងភូមិសាស្ត្រខេត្តកំពតអំណោយផលលើការងារជលផល គឺមានទាំងនេសាទសមុទ្រ និងនេសាទទឹកសាប ដែលធ្វើនៅតាមវាលស្រែ វាលទំនាប បឹង ត្រពាំង អូរ ប្រឡាយ និងអាងទឹកសាធារណៈជាដើម។
ការនេសាទជាលក្ខណៈសិប្បកម្ម និងលក្ខណៈគ្រួសារ សម្រាប់ហូប និងលក់ដូរផងដែរ។ លោកបានបញ្ជាក់ថាការគ្រប់គ្រង់ការងារជលផលមានភាពល្អប្រសើរ។
លោកនាយខណ្ឌជលផលបានបន្តថា ដោយមានមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសក្រោមការណែនាំចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ធ្វើឲ្យផលនេសាទរក្សាបាននូវកំណើន និងនិរន្តរភាព។ ជាក់ស្តែងនៅឆ្នាំមាសទី១ ឆ្នាំ២០២៥នេះ ខេត្តប្រមូលផលនេសាទបាន ១០២០៥តោន ក្នុងនោះ ផលនេសាទទឹកសាបចំនួន១៩៤៦ តោន និងផលនេសាទសមុទ្រចំនួន ៨២៥៩តោន។
លោកបានបញ្ជាក់បន្ថែមផងដែរថា ដើម្បីរក្សាកំណើនផលនេសាទ នៅឆ្នាំបន្តបន្ទាប់ទៀត អាជ្ញាធរខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ អង្គការដៃគូ បានធ្វើកិច្ចការងារជាច្រើន ជំរុញនិងលើកកម្ពស់ដល់សហគមន៍ ពិសេសប្រជានេសាទ តាមរយៈការងារអភិរក្ស ការអភិវឌ្ឍវារីវប្បកម្ម និងការបង្កើតការងារបន្ថែម។
ការនេសាទសមុទ្រប្រើ ទូក-កាណូតនេសាទ សរុបចំនួន១០៥៣គ្រឿង ដោយប្រើឧបករណ៍ អួនអូស លបក្តាម មងក្តាម មងត្រី មងបង្គា មងកេវ ធ្នាក់មឹកសំបកខ្យង ឈិបរុញដៃ ។ល។ តែប្រជានេសាទមួយចំនួននៅលួចប្រើឧបករណ៍ខុសច្បាប់នៅឡើយដែរ ពិសេសលបកន្ទុយកណ្តុរ នៅឆមាសទី១នេះ មន្ត្រីជលផលបានរឹបអូស និងបំផ្លាញលបកន្ទុយកណ្តុរ២០ករណីស្មើ៦០៤លប៕ សេង ណារិទ្ធ





































