លោក មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ចុះត្រួតពិនិត្យស្ថានភាពច្រកទ្វារព្រំដែនកម្ពុជា-ថៃ និងស្ថានភាពចេញ ចូល របស់បងប្អូនប្រជាពលរដ្ឋ និងពលករកម្ពុជា នៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់

0

ឧត្តរមានជ័យ៖ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ លោក ម៉ូតសុខ មេសា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ដឧត្តរមានជ័យ បានអមដំណើរ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងអង្គភាពពាក់ព័ន្ធចុះត្រួតពិនិត្យស្ថានភាពពលករចូល ចេញ នៅមាត់ច្រក និងនៅមណ្ឌលសំចត ទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករកម្ពុជា។

នាឱកាសនោះដែរ ឯកឧត្តម បានផ្តល់អនុសាសន៍ណែនាំដល់មន្ត្រីប្រចាំការនៅមាត់ច្រកត្រូវគោរពតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បិទច្រកហាមឡានដឹកទំនិញគ្រប់ប្រភេទ ពិសេសការហាមនាំចូលបន្លែ ផ្លែឈើ មកកម្ពុជា សម្រាប់ប្រជាពលរដ្ឋ និងពលករចូលមកកម្ពុជាបានធម្មតា មិនអនុញ្ញាតឱ្យឆ្លងទៅប្រទេសថៃឡើយ។

(ច្រកព្រំដែនអន្តរជាតិអូរស្មាច់)៖ គិតចាប់ពីម៉ោង ៨:០០នាទីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ មន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលរួមមាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកដែលប្រចាំការនៅច្រកព្រំដែនអន្តរជាតិអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ព័ត៌មានស្តីអំពីឱកាសការងារដ៏សម្បូរបែប ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដែលជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ៕ដោយ៖ភ្នំដង រ៉ែក