បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ទទួលស្បៀងអាហារគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ នឹងអាវកីឡា ពីឯកឧត្តម ឡាំង អូណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ

0

(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទទួលស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងអាវកីឡា ពីឯកឧត្តមឧត្តមសេនីយ៍ឯក ឡាំង អូណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ  ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

នៅក្នុងឱកាសនេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ឡាំង អូណា  បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ ជូនចំពោះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤  ដែលកំពុងត្រៀមខ្លួនក្នុងភារកិច្ចការពារបូរណភាពទឹកដី និងជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាំង អូណា មានប្រសាសន៍បន្ថែមទៀតថា ស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ ដែលបាននាំយកមកប្រគល់ជូននៅពេលនេះ គឺដើម្បីចូលរួមចំណែកជួយឧបត្ថម្ភដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងការងារត្រៀមប្រយុទ្ធ រង់ចាំបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងបុព្វហេតុការពារជាតិ ការពារមាតុភូមិកម្ពុជា និងចូលរួមចំណែកក្នុងការងារមនុស្សធម៌ ជួយដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងខេត្តកំពង់ធំ ផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តមឧត្តមសេនីយ៍ឯក ឡាំង អូណា ដែលបានដឹកនាំប្រតិភូនៃអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ មកសំណេះសំណាលសាកសួរសុខទុក្ខ និងឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងអាវយឺតកីឡាជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីដោះស្រាយសម្រាលនូវរាល់ការលំបាកផ្សេងៗ សម្រាប់កងកម្លាំង និងជួយដោះស្រាយជូនដល់បងប្អនអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងខេត្តកំពង់ធំ និងសូមគោរពជូនពរឯកឧត្តមលោកជំទាវ បុត្រាបុត្រី និងសហការីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕