ឧត្ដមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លំាងចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទស្សនា និងស្ដាប់ការថ្លែងសារពិសេសផ្សាយផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

0

(កំពង់ធំ)÷ នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០២៥​ ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ បាន​ដឹកនាំ​កងកម្លំាង​ចំណុះ​ទី​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ទស្សនា​ និង​ស្ដាប់​ការ​ថ្លែង​សារពិសេស​ផ្សាយ​ផ្ទាល់​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​នានា​នៅ​កម្ពុជា​ របស់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា​ និង​ជា​ប្រធាន​ឧត្ដម​ក្រុម​ប្រឹក្សា​ព្រះ​មហាក្សត្រ​ ដែល​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​នៅ​ទី​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ យោធភូមិភាគ​ទី​៤​។

សម្តេច​តេជោ ​ហ៊ុន​ សែន​ បាន​ថ្លែង​នូវ​ខ្លឹមសារ​សំខាន់​ៗ​ចំនួន​ ៨​ចំណុច​ អំពី​សភាពការណ៍​កម្ពុជា​ និង​ថៃ​ ។ សម្តេច​បានគូសបញ្ជាក់អំពីនាយករដ្ឋមន្ត្រី​ថៃ​ ដែល​បាន​ប្រមាថ​ព្រះ​មហាក្សត្រ​ថៃ​ តាម​រយៈ​ការ​ប្រមាថ​ឧត្ដមសេនីយ៍​មេបញ្ជាការ​យោធភូមិភាគ​ទី​២​ របស់​ថៃ​ ដែល​ជា​ការក្បត់​ជាតិ​ និង​ក្បត់​ប្រជាជន​ថៃ​ និង​ត្រៀម​ខ្លួន​ផ្ដល់​ព័ត៌មាន​ស្ដី​ពី​ការ​ប្រមាថ​ព្រះ​មហាក្សត្រ​ថៃ​បន្ថែម​ទៀត​ ពី​សំណាក់​នាយករដ្ឋមន្ត្រី​ថៃ​ ក្នុង​ករណី​ចាំបាច់​ ។ ហើយ​នាយករដ្ឋមន្ត្រី​ថៃ​នេះ​ បាន​បង្ករបញ្ហាជាច្រីន​ជាមួយ​កម្ពុជា​ ពិសេស​ការ​បិទ​ច្រក​ព្រំដែន​ដោយ​ឯកតោភាគី​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ប្រជាជន​ថៃ​ ។
សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ បាន​ប្រកាស​ថា​ កម្ពុជា​ត្រៀមខ្លួន​ធ្វើ​ការ​ងារ​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​ថៃ​ថ្មី​ នៅ​ពេល​ខាងមុខ​ ហើយ​សម្តេច​តេជោ​នៅ​តែ​ចង់​មាន​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​ជាមួយ​ថៃ​ ហើយ​សម្តេច​នៅ​តែ​ប្រកាន់​ជំហរ​នយោបាយ​ប្រែ​ក្លាយ​តំបន់​សមរភូមិ​ ជា​តំបន់​អភិវឌ្ឍន៍​ ជាព្រំដែន​សន្តិភាព​ មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​គ្នា​។

ឧត្ដមសេនីយ៍ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​ និង​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពលទាហាន​ នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បាន​ប្តេជ្ញា​ចិត្ត​ដាច់​ខាត​គាំទ្រ​ និង​គោរព​តាម​បទបញ្ជា​របស់​សម្ដេច​អគ្គមហាសេនា​តេជោ​ នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​៥​ ផុត​លេខ​ ហ៊ុន​ សែន​ អគ្គភស្តុភារ​ជាន់​ខ្ពស់​ នៃ​កងកម្លាំង​ប្រដាប់​អាវុធ​ជាតិ​កម្ពុជា​ និង​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ នៃ​កងយោធពលខេមរភូមិន្ទ​ ដោយ​ត្រៀមខ្លួន​រួច​ជាស្រេច​ក្នុង​ភារកិច្ច​ការពារ​ជាតិ​ និង​ការ​ពារ​បូរណភាព​ទឹក​ដី​ មិន​ឲ្យ​ខ្មាំងសត្រូវ​សៀម​ឈ្លានពាន​បាន​ឡើយ​។