កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសិក្សាជាក់ស្តែង និងកិច្ចអន្តរាគមន៍ដោះស្រាយផលប៉ះពាល់ដំណាំស្រូវរបស់ប្រជា
ពលរដ្ឋ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង ចំនួន ៦៥៦គ្រួសារ លេីផ្ទៃដី ២១៩ហិកតា ស្ថិតក្នុងឃុំចំនួន៣ នៃស្រុកស្រីសន្ធរ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម លូ គឹមឈុន ប្រធានក្រុមការងារចុះជួយស្រុកស្រីសន្ធរ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
ចំពោះឃុំទាំង៣ ដែលទទួលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង រួមមាន៖
១. ឃុំជីបាល មានផ្ទៃដីប៉ះពាល់ខូចខាតចំនួន ១៥០ហត ស្មើ ៤៧៨គ្រួសារ។
២.ឃុំទងត្រឡាច មានផ្ទៃដីប៉ះពាល់ខូចខាតចំនួន ៥០ហត ស្មើ ៩៥គ្រួសារ
៣.ឃុំស្វាយពោធិ៍ មានផ្ទៃដីប៉ះពាល់ខូចខាតចំនួន ១៩ហត ស្មើ ៨៣គ្រួសារ។
នាឳកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏សូមចូលរួមសោកស្តាយជាមួយអាជ្ញាធរ ជាពិសេសម្ចាស់ស្រែ និងសូមឲ្យបងប្អូនប្រជាកសិករខិតខំដាំដុះឡើងវិញនៅពេលទឹកស្រកចុះ ដោយឯកឧត្តម នឹងធ្វើដំណើរទៅគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្នើសុំស្រូវពូជ ជូនបងប្អូន យកទៅដាំដុះឲ្យបានទាន់ពេលវេលា៕





































