កំពង់ចាម: លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្ដម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ
និងដឹកជញ្ជូន និងជាប្រធានគម្រោង នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការសាងសង់គម្រោងប្រព័ន្ធលូរំដោះទឹកភ្លៀង និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងក្រុងកំពង់ចាម ខណៈការងារសាងសង់សម្រេចបានប្រមាណជាង៧៩%ហេីយ ។
ក្នុងកិច្ចប្រជុំនេះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់ចេញជាគោលការណ៍ នៃការជំរុញ និងដោះស្រាយការងារចាំបាច់មួយចំនួន ដែលទទួលបានលទ្ធផល និងការឯកភាពព្រមព្រៀងគ្នារួមមាន ៖
១-ជំរុញការភ្ជាប់បណ្តាញទឹកកខ្វក់ ពីផ្ទះប្រជាពលរដ្ឋចូលបណ្តាញមេអោយបានឆាប់ ។
២-កំណត់អាទិភាពការដ្ឋានកាយដាក់លូរំដោះទឹក និងកំណត់ពេលវេលាជាក់លាក់ក្នុងការលុបដីវិញ ដេីម្បីសម្រួលដល់ការរស់នៅ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ ។
៣-ជំរុញការជួសជុលផ្លូវក្នុងក្រុងកំពង់ចាមឱ្យបានស្អាតឡេីងវិញ ឱ្យបានលឿនបំផុត ។
៤-ជំរុញគម្រោងសាងសង់ទាំងមូលត្រូវបញ្ចប់ការងារទាំងស្រុងនៅចុងឆ្នាំ២០២៥នេះ ។
៥-ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអាជ្ញាធរក្រុង ដេីម្បីត្រួតពិនិត្យ វាយតម្លៃ និងជំរុញការដ្ឋានទាំងនេះឱ្យបានជាប់ជាប្រចាំ។
គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ប្រព័ន្ធលូ រំដោះទឹកភ្លៀង និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងក្រុងកំពង់ចាម មកដល់បច្ចប្បន្ននេះ គឺការងារសាងសង់សម្រេចបានប្រមាណជាង៧៩%ហេីយ៕





































