អភិបាលខេត្តកំពង់ចាម អះអាងថា គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនកន្លង នឹងត្រូវក្រាលថ្ម អ៊ុត កៅស៊ូបង្ហើយ បញ្ចប់នៅថ្ងៃទី៧ កក្កដានេះ

0

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានអះអាងថា គម្រោង ពង្រីកផ្លូវជាតិលេខ៧ ជាបួនកន្លង នឹងត្រូវក្រាលថ្ម អ៊ុតកៅស៊ូបង្ហើយ បញ្ចប់នៅថ្ងៃទី៧ កក្កដានេះ ការថ្លែងបែបនេះខណៈឯកឧត្តមដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាគម្រោង ពង្រីកផ្លូវជាតិលេខ៧ ក្នុងស្រុកជើងព្រៃ ព្រៃឈរ និងស្រុកកំពង់សៀម នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០២៥ ។

ក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើការណែនាំឱ្យខាង ក្រុមហ៊ុនអ្នកទទួលការ ធ្វើយ៉ាងណាត្រូវជំរុញការស្ថាបនាគម្រោងពង្រីកផ្លូវជាតិលេខ៧នេះ ឱ្យ បានលឿនបំផុត ខណៈបច្ចុប្បន្ននៅសល់ផ្លូវដីចុងក្រោយប្រវែង ៦គីឡូម៉ែត្រទៀត ពោលគឺត្រូវ ក្រាលថ្ម អ៊ុតកៅស៊ូបង្ហើយ ឱ្យបានរួចរាល់នៅថ្ងៃទី៧ ខែកក្កដានេះ ដើម្បីសម្រួលដល់ការធ្វើដំ ណើររបស់ប្រជាពលរដ្ឋ រួមទាំងការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវកាន់តែល្អប្រសើរផងដែរ។

គួរបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវជាតិលេខ៧ជាបួនគន្លង ចាប់ពីរង្វង់មូលស្គន់ ដល់ រង្វង់មូលស្ពានគី ហ្សូណា ក្រុងកំពង់ចាម នេះ បានចាប់ផ្តើមបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ គម្រោងនេះមានប្រវែងសរុបជាង៤៥គីឡូម៉ែត្រ ចំពោះទទឹង ផ្លូវវិញ នៅក្រៅតំបន់ទីប្រជុំ មាន ទទឹង២៤ម៉ែត្រ កន្លះ និងក្នុងទីប្រជុំជន មានទទឹង២០ម៉ែត្រ កន្លះ ដោយមានសួនច្បារនៅចំណុច កណ្តាលផ្លូវ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន៕