(កំពង់ធំ)÷ លោកជំទាវ លឹម មួយស្រៀន នួន ផារ័ត្នអភិបាលខេត្តកំពង់ធំ និងជាប្រធានកិត្តិយស នៃគណៈកម្មាធិការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ លោកជំទាវ លំ គន្ធារី ប្រធានប្រតិបត្តិ នៃគណៈកម្មាធិការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត លោកជំទាវសមាជិកកិត្តិយស ប្រធានមន្ទីរជុំវិញខេត្ត លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ កងកម្លាំងទាំង៣ ក្រុមការងារថ្នាក់ស្រុក/ឃុំ និងប្រជាពលរដ្ឋជាច្រើនរូប បានចែកចង្ក្រានសន្សំសំចៃថាមពលជូនប្រជាពលរដ្ឋចំនួន៦១៦គ្រួសារ មកពីភូមិដូនឈូក ភូមិនីពេជ(ក) និងភូមិនីពេជ(ខ) ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ពីសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥។
លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានលើកឡើងថា ក្នុងក្របខណ្ឌនៃទស្សនវិស័យ និងផ្អែកតាមកម្មវិធីនយោបាយសម្រាប់នីតិកាលទី៧ នៃរដ្ឋសភារាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់អាទិភាពគន្លឹះចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាការរីកចម្រើន នៅតាមមូលដ្ឋានទូទាំងប្រទេស ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងស្រុកកំពង់ស្វាយផងនោះ។ ដោយសារតែមានការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិតដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង ជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន។ដូច្នេះហើយបានរាជរដ្ឋាភិបាលកម្ពុជាខិតខំ និងកំពុងជំរុញនូវការលើកកម្ពស់គុណភាពស្ត្រី តាមរយៈការពង្រឹងសមត្ថភាពស្ត្រីឱ្យក្លាយជាអ្នកដឹកនាំ តាមក្រសួងស្ថាប័ន របស់ជាតិ រួមមាន ស្ថាប័នព្រឹទ្ធសភា ស្ថាប័នរដ្ឋសភា រាជរដ្ឋាភិបាល និង បង្កើន ការចិត្តទុកដាក់ក្នុងការអភិវឌ្ឍធនធានស្ត្រី។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ លឹម មួយស្រៀន នួន ផារ័ត្នបានថ្លែងថាដោយមានការយកចិត្តទុកដាក់ពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ការផ្ដល់ចង្ក្រានសន្សំសំចៃថាមពលនេះ ក្នុងគោលបំណងចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងសុខភាពរបស់ប្រជាពលរដ្ឋនៅសហគមន៍ និងរួមចំណែកគាំទ្រការពារបរិស្ថាន ព្រមទាំងកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅកម្ពុជា។ ហើយក៏ដូចជាការរួមចំណែកមួយ របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខទុក្ខ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។
លោកជំទាវ លឹម មួយស្រៀន នួន ផារ័ត្នអភិបាលខេត្តកំពង់ធំបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ស្ថិតក្នុងឱកាសនេះដោយសារតែរដូវវស្សាបានមកដល់ហើយគឺ ១.ថែរក្សាសុខភាព ដោយប្រុងប្រយ័ត្នពីគ្រោះថ្នាក់ បង្កឡើងដោយ ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ជាដើម និងបង្កើនការប្រុងប្រយ័ត្នក្នុងការមើលថែកុមារតូចៗ កុំឱ្យគាត់ទៅលេងទឹក ចៀសវាងការបាត់បង់អាយុជីវិតដោយប្រការណាមួយ។ ២.មានការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ដោយសារបច្ចុប្បន្ននេះជំងឺគ្រុនឈាមតែងកើតមានឡើង លើកុមារ ដោយត្រូវចូលរួមកំចាត់ជម្រកមូស និងរស់នៅប្រកបដោយអនាម័យ។
៣.ថែរក្សាសុខភាព ទប់ស្កាត់ចំពោះជំងឺមិនឆ្លងដូចជា លើសឈាម ជំងឺទឹកនោមផ្អែម ជំងឺផ្លូវដង្ហើម រ៉ាំរ៉ៃជំងឺមហារីក តាមរយៈការបរិភោគចំណីអាហារ ស្ករតិចអំបិលតិច ខ្លាញ់តិច។ ៤.លើសពីនេះបងប្អូនបង្កើនការដាំបន្លែជុំវិញផ្ទះ សម្រាប់ បរិភោគ ចៀសវាងការចំណាយទិញបន្លែ ពីខាងក្រៅ និងកាត់បន្ថយការចំណាយ ព្រមទាំងថែរក្សាបាននៅសុខភាពល្អ។ ៥.ចំពោះបញ្ហាសុខភាពនេះ ការបណ្តាំផ្ញើពី លោកជំទាវ ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋយកក្មេងដែលមានអាយុ៩ឆ្នាំឡើង ទៅទទួលវ៉ាក់សាំងការពារជំងឺមហារីក មាត់ស្បូននៅតាមមណ្ឌលសុខភាព។ ចំពោះស្ត្រីដែលមានអាយុ៤០ឆ្នាំឡើងទៅ សូមអញ្ជើញទៅពិនិត្យ សុខភាពមាត់ស្បូននៅមន្ទីរពេទ្យលួងម៉ែ ព្រោះទីនោះមិនចំណាយថវិកាទេ។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនអ៉ិនត្រាកូ បានជួយឧបត្ថម្ភចង្រ្កានសន្សំសំចៃថាមពល ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៦១៦គ្រួសារ ក្នុងឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ តាមរយៈគណៈកម្មាធិការកណ្តាលសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍នាពេលនេះ និងចែកសារុងដល់គ្រួសារ៦១៦ ជាអំណោយរបស់គណៈកម្មាធិការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំផងដែរ៕
លោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប