គណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារថែទាំជាប្រចាំផ្លូវចំនួន ០៤ខ្សែ ដោយក្រាលកៅស៊ូ  (DBST) មានប្រវែងសរុប ១១៦.៥៨០ ម៉ែត្រ

0

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២៥ គណៈកម្មការអន្តរក្រសួង ដឹកនាំដោយ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ សមាជិកគណៈកម្មាធិការលទ្ធកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដោយ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ និងឯកឧត្តម លឹម អ៊ីវ អនុរដ្ឋលេខាធិការ តំណាងគ.ត.វ ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បាន ចុះពិនិត្យ និងវាយតម្លៃដំណាក់កាលទី១ លើការងារថែទាំជាប្រចាំផ្លូវ ចំនួន ០៤ខ្សែ ដោយក្រាលកៅស៊ូពីរជាន់(DBST) ប្រវែងសរុបជាង ១១៦.៥៨០ ម៉ែត្រ ទទឹង ៥ម៉ែត្រ និង៦ម៉ែត្រ ស្ថិតនៅ ឃុំជ័យ ឃុំសំបូរ ឃុំឈូក ឃុំគោល ឃុំក្លែង ឈើទាល ឃុំសណ្តាន់ ឃុំកំពង់ចិនជើង ឃុំទ្រា ឃុំបន្ទាយស្ទោង ឃុំដួង ឃុំសាមគ្គី ឃុំក្រយា ឃុំសាគ្រាម ឃុំត្បែង ឃុំនីពេជ្រ ឃុំផាន់ញ្ចើម ឃុំចំណារលើ និងឃុំចំណារក្រោម ក្នុងចំណោម៥ស្រុក ក្នុងខេត្តកំពង់ធំ រួមមាន ស្រុកកំពង់ស្វាយ ប្រាសាទសំបូរ សណ្តាន់ ស្ទោង និងស្រុកប្រាសាទបល្ល័ង្គ។

ការត្រួតពិនិត្យ និងវាយតម្លៃដំណាក់កាលទី១នេះ មានគោលបំណងធានាថា ការថែទាំផ្លូវបានអនុវត្តត្រឹមត្រូវ មានគុណភាព តាមស្តង់ដារ និងអាចប្រើប្រាស់បានយូរអង្វែង ដើម្បីបម្រើការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសហគមន៍ជនបទ។

ការអនុវត្តការថែទាំផ្លូវជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺជាការងារសំខាន់ជួយសម្រួលចរាចរណ៍របស់ប្រជាពលរដ្ឋ ក្នុងការដឹកជញ្ជូនផលិតផលកសិកម្ម កសិឧស្សាហកម្ម និងការធ្វើដំណើររបស់សិស្សនិសិស្សទៅសាលា ក៏ដូចជាដឹកជញ្ជូនអ្នកជំងឺទៅមណ្ឌលសុខភាពបានទាន់ពេល។

បន្ទាប់ពីការចុះត្រួតពិនិត្យ ជាក់ស្តែងអំពីស្ថានភាពការងារថែទាំផ្លូវជាប្រចាំដោយក្រាលកៅស៊ូពីរជាន់ ទាំង០៤ ខ្សែ និងកិច្ចប្រជុំពិភាក្សា ផ្លាស់ប្តូរយោបល់រួចមក គណៈកម្មការអន្តរក្រសួងបានឯកភាពទទួលយកលទ្ធផលសម្រេចបានដំណាក់កាលទី១ សម្រាប់គម្រោងទាំងមូល (គម្រោងលេខ DRR-RM-2025-No.003) ដោយបានអនុវត្តរួចរាល់ និងមានគុណភាពល្អ ដើម្បីធានាបានអោយប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរទៅវិញទៅមក៕ .ដោយ-ចន្ថា បុណ្យឫទ្ធិ រូបភាពដោយ-យីម ប៊ុនហ័រ-ពិនិត្យដោយអ៊ុមញឹប