(កំពង់ធំ)៖ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការរដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក និងពុទ្ធបរិស័ទ្ធ បានរួមគ្នារៀបចំពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាន ទេយ្យវត្ថុ ដល់វត្តចំនួន ១១ នៅក្នុងខេត្តកំពង់ធំ។
នារដូវកាលចូលវស្សានេះ ថ្នាក់ដឹកនាំ និងបងប្អូនមន្ត្រីរាជការរដ្ឋបាលខេត្ត រដ្ឋបាលស្រុក និងមន្ទីរចំណុះ បានមូលគំនិតគ្នា ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ទេយ្យវត្ថុ ប្រគេនជូនវត្តចំនួន ១១ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីប្រគេនព្រះសង្ឃ និងភិក្ខុសង្ឃគង់ចាំវស្សា (៣ខែ) នៅតាមវត្តអារាមនានា ដែលនារដូវកាលនេះ ព្រះសង្ឃត្រូវជៀសវាងការធ្វើដំណើរក្នុងរដូវវស្សា ពិធីនេះក៏ជាឱកាសសម្រាប់ព្រះសង្ឃពង្រឹងសមាធិ និងការសិក្សាព្រះធម៌យើង នាំឧបត្ថម្ភគាំទ្រទៅតាមលទ្ធភាព ក្នុងវិស័យសាសនាដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាទាំងអស់គ្នា។
សូមរំលឹកថា ពិធីចូលវស្សា គឺជាបុណ្យសាសនាដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា ដែលត្រូវប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១រោច ខែអាសាឍ រហូតដល់ថ្ងៃ១៥កើត ខែភទ្របទ រយៈពេល៣ខែ។ ពិធីនេះតំណាងឱ្យការចាប់ផ្តើមវស្សារបស់ព្រះសង្ឃ និងជាឱកាសសម្រាប់ពុទ្ធសាសនិកជនពង្រឹងសីលធម៌ និងសទ្ធាធម៌របស់ខ្លួន។ ក្នុងអំឡុងពិធីនេះ ព្រះសង្ឃបានរៀបចំការប្រកាសចូលវស្សា រៀបចំព្រះវិហារ និងកន្លែងសមាធិ និងការរក្សាសីល ហើយពិធីនេះ ជាឱកាសដល់ពុទ្ធសាសនិកជនធ្វើកុសលកម្ម បំពេញបារមី និងពង្រឹងសទ្ធាដល់ព្រះសង្ឃ ក៏ប្រើពេលនេះ ដើម្បីព្យាយាមបំពេញវិបស្សនាធម៌ និងផ្សព្វផ្សាយព្រះធម៌ ដល់ពុទ្ធបរិស័ទ្ធ។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រដ្ឋបាលខេត្តកំពង់ធំតែងតែរៀបចំពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តនានានៅក្នុងខេត្ត មុនដល់ថ្ងៃបុណ្យចូលវស្សា ដោយមិនធ្លាប់ខកខានឡើយ ពិធីនេះប្រគេនទៀនព្រះវស្សា និងទេយ្យទានសម្រាប់ព្រះសង្ឃត្រៀមចូលព្រះវស្សានាពេលខាងមុខនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ ៕ អត្ថបទដោយ ចន្ថា បុណ្យឫទ្ធិ-រូបភាពដោយ យីម ប៊ុនហ័រ








































