(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំជីវភាពបក្សប្រចាំខែមិថុនា និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមពីក្រុមការងារគណបក្សថ្នាក់ខេត្ត ស្រុក ចុះមូលដ្ឋានឃុំ រូមជាមួយថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិ និងសកម្មជនយុវជនគណបក្សឃុំ ភូមិ ចូលរួមតាមការអញ្ជើញផងដែរ។
លោក លន់ យេន ប្រធានគណបក្សឃុំ បានឡើងរាយការណ៍អំពីលទ្ធផលការងារដែលសាខាបក្សភូមិ គណបក្សឃុំ រួមជាមួយក្រុមការងារគណបក្សថ្នាក់ស្រុក ខេត្ត សម្រេចបានលទ្ធផលសំខាន់ៗក្នុងខែមិថុនា ឆ្នាំ២០២៥ ដោយបានឆ្លុះបញ្ចាំងអំពីចំណុចខ្លាំង ចំណុចខ្វះខាត ដែលត្រូវកែលំអរ និងបញ្ហាប្រឈមមួយចំនួន ដែលត្រូវរួមគ្នាដោះស្រាយជូនប្រជាជន ព្រមទាំងដាក់ចេញនូវទិសដៅមួយចំនួនដែលត្រវអនុវត្តបន្តនៅក្នុងខែកក្កដា ឆ្នាំ ២០២៥។
បន្ទាប់មកអង្គប្រជុំ បានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ដោយពិនិត្យលើសេចក្តីព្រាងរបាយការណ៍ ។ លើលទ្ធផលសំខាន់ៗ ដែលសម្រេចបានក្នុងខែមិថុនា កន្លងទៅ រួមមាន ចំណុចខ្លាំង ចំណុចខ្វះខាតដែលត្រូវកែលម្អ និងបញ្ហាប្រឈម ព្រមទាំងបានពិភាក្សាអំពីទិសដៅភារកិច្ច ដែលត្រូវរួមគ្នា អនុវត្តបន្តឲ្យទទួលបានជោគជ័យ ។
ឯកឧត្តម សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំសាខាបក្សភូមិ ថ្នាក់ដឹកនាំគណបក្សឃុំ ក្រុមសកម្មជនយុវជនគណបក្ស រួមជាមួយក្រុមការងាររបស់គណបក្សចុះមូលដ្ឋាន ឃុំ ភូមិ ដែលបានរួមគ្នាបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ ក្នុងការបម្រើសមាជិកបក្ស និងប្រជាជននៅក្នុងឃុំទាំងមូល ។
ឯកឧត្តម សោម ស៊ុន បានដាក់ចេញនូវផែនការសំខាន់ៗមួយចំនួន ដែលត្រូវអនុវត្តបន្ត មានជាអាទិ៍ ទីមួយ ត្រូវបន្ត កសាងពង្រីកសមាជិកបក្សថ្មីបន្ថែមទៀត ទោះបីបច្ចុប្បន្នសមាជិកគណបក្សរបស់យើងមានជាង ៨០% លើចំនួនប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅក្នុងឃុំរួចហើយក្តី តែយើងត្រូវប្តេជ្ញាចិត្តពុះពារការពង្រីកសមាជិកបក្សថ្មីឲ្យបាន ៨៥% នៃចំនួនប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ។ ទីពីរ ត្រូវពិនិត្យស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងសមាជិកបក្ស ដែលមានជីវភាពលំបាកខ្វះខាត ដើម្បីជួយដោះស្រាយស្បៀងអាហារគ្រឿងឧបភោគបរិភោគជូនពួកគាត់ ឱ្យបានទាន់ពេលវេលា ។ និងទីបី ត្រូវរួមគ្នាពិនិត្យរៀបចំ និងពង្រឹងរចនាសម្ព័ន្ធចាត់តាំង គ្រប់គ្រងសមាជិកបក្ស នៅតាមសាខាបក្សភូមិ និងតាមក្រុមនីមួយៗ ឱ្យបានច្បាស់លាស់និងរឹងមាំ ។ ជាមួយនោះដែរ ត្រូវសាមគ្គីភាពឯកភាពផ្ទៃក្នុងបក្ស ឲ្យបានរឹងមាំ ។ ធានាការគ្រប់គ្រង និងពង្រឹងសមាជិកបក្សឲ្យមានទាំងបរិមាណ និងគុណភាព ដើម្បីត្រៀមខ្លួនដណ្ដើមយកជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំ២០២៧ ខាងមុខនេះ ឱ្យទទួលបានជោគជ័យជាថ្មីទៀត៕