អង្គភាពកងរាជអាវុធហត្ថខេត្តសៀមរាប នាំយកទៀនវស្សា និងទេយ្យវត្ថុប្រគេន ព្រះសង្ឃចំនួន ៤វត្ត ក្នុងខេត្តសៀមរាប

0

សៀមរាប: លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត អញ្ជើញចូលរួមប្រគេនទៀនវស្សា និង ទេយ្យវត្ថុ ជូនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ០៤វត្ត មានវត្តទេពពោធិ៍វង្ស ,វត្តព្រះឥន្ទកោសា,វត្តកេសរារាម ក្នុងក្រុងសៀមរាប និងវត្តកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៥។
ជាការពិតណាស់ សាសនាព្រះពុទ្ធ គឺជាសាសនារដ្ឋ ដែលប្រជាពលរដ្ឋខ្មែរ ភាគច្រើនបានប្រកាន់ខ្ជាប់ស្របពេលនៃ ពិធីបុណ្យចូលព្រះវស្សាបានឈានមកដល់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន បាននាំយកទៀនវស្សា និងទេយ្យវត្ថុ វេរប្រគេន ដល់ព្រះសង្ឃ គង់ចាំព្រះវស្សា។
សូមរំលឹកផងដែរថា ក្នុងវិស័យព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សា បានចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុច មានរយៈពេល៣ខែ ដែលពុទ្ធបរិស័ទ ចំណុះជើងវត្ត ក៏ដូចពុទ្ធបរិស័ទជិតឆ្ងាយ បំពេញកិច្ចជួយឧបត្ថម្ភគាំទ្រដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស អាស្រយ័ដោយរដូវនេះជារដូវវស្សា មានភ្លៀងធ្លាក់ជោគជាំធ្វើឲ្យភិក្ខុសង្ឃមានការលំបាកក្នុងការនិមន្តបិណ្ឌបាត្រក៏ដូចជាការរួមចំណែកលើកកំពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យថ្កុំថ្កើនរុងរឿង តរៀងទៅ ។
ទេយ្យវត្ថុនាំយកទៅវេរប្រគេនព្រះសង្ឃទាំង៤វត្ត ក្នុងមួយវត្ត មាន ទៀនព្រះវស្សា ១គូរ ទឹកត្រី ១០យួរ ទឹកសុីអីវ ១០យួរ ទឹកសុទ្ធ ១០កេស ទឹកគ្រូច ៥កេស មីជាតិ ៥កេស តែ ៥កញ្ចប់ ស្ករស ៥គីឡូ អង្ករ ១០០គីឡូ ប្រេងម៉ាស៊ុត ២០លីត្រ និង បច្ច័យ១.លាន២៣ពាន់រៀល ៕