រដ្ឋបាលខេត្តកំពង់ធំ បើកវគ្គបណ្តុះបណ្តាលស្តីពីការផ្តួចផ្តើមគំនិតនវានុវត្តន៍ ក្នុងវិស័យសាធារណោៈ ជូនមន្ត្រីរាជការនៅក្នុងខេត្ត

0

(កំពង់ធំ)÷ ឯកឧត្តម លី វេត អភិបាលរងខេត្តកំពង់ធំ ឯកឧត្តម ឈឹម កាន អគ្គនាយករង និងជាប្រធានស្តីទីនាយកដ្ឋានធនធានមនុស្ស នៃទីស្តីការគណៈរដ្ឋមន្ត្រី អញ្ចើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការផ្តួចផ្តើមគំនិតនវានុវត្តន៍ ក្នុងវិស័យសាធារណៈ ជូនមន្ត្រីរាជការក្នុងខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ព្រឹកថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២៥។

ឯកឧត្តម ឈឹម កាន បានលើកឡើងថា វគ្គបណ្តុះបណ្តាលនាថ្ងៃនេះ បានរៀបចំឡើងតាមការចង្អុលបង្ហាញដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ព្រមទាំងមានការរួមចំណែកយ៉ាង សកម្មពីឯកឧត្តម ថោង សុជាតិ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី រួមជាមួយនឹងក្រុមការងារ ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីនាយកដ្ឋានធនធានមនុស្ស នៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងដោយមានកិច្ចសហការដ៏ល្អពី ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងសហការី នៃរដ្ឋបាលខេត្តកំពង់ធំ ដែលបានចំណាយទាំងពេលវេលា ទាំងកម្លាំងកាយចិត្ត ដើម្បីចាត់ចែងរៀបចំវគ្គបណ្តុះបណ្តាលនេះ។

ឯកឧត្តមបន្ថែមថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ មានឆន្ទៈខ្ពស់បានយកចិត្តទុកដាក់ខ្ពស់លើ ការបណ្តុះបណ្តាលមន្ត្រីរាជការ ដើម្បីផ្តល់ឱកាសជូនដល់មន្ត្រី នៃសាលាខេត្តកំពង់ធំ អាចទទួលបានចំណេះដឹងបន្ថែមយកមកអនុវត្តក្នុងការបំពេញការងារប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាព។ ព្រមទាំងបន្តលើកទឹកចិត្ត និងជំរុញឱ្យមានការរៀបចំវគ្គបណ្តុះបណ្តាលលើប្រធានបទសំខាន់ៗ ដើម្បីបង្កលក្ខណៈជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទទួលបាននូវពុទ្ធិថ្មី ដែលជាមូលដ្ឋាន គ្រឹះក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងមានផលិតភាពការងារខ្ពស់ ស្របទៅតាមក្របខ័ណ្ឌ នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្តោតទៅលើការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងសមត្ថភាព នៃការអនុវត្តការងារ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញប្រទេសកម្ពុជាឱ្យក្លាយទៅ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ក្នុងឱកាសនេះ ឯកឧត្តម លី វេត បានលើកឡើងថា នៅក្នុងយុគសម័យឌីជីថល និងសាកលភាវូបនីយកម្ម ការផ្លាស់ប្តូរបានកើតឡើងយ៉ាង ឆាប់រហ័ស ដើម្បីឆ្លើយតបទៅនឹងការវិវត្តនេះ ក៏ដូចជាតម្រូវការដែលកំពុងកើនឡើងរបស់ ប្រជាពលរដ្ឋ វិស័យសាធារណៈចាំបាច់ត្រូវតែមានការទំនាក់ទំនង និងការផ្លាស់ប្តូរផ្នត់គំនិតពីការបំពេញការងារតាមបែបប្រពៃណី មកជាការគិតគូរប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍។ នវានុវត្តន៍មិនមែនត្រឹមតែជាការប្រើប្រាស់បច្ចេកវិទ្យាទំនើបប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការផ្លាស់ប្តូរ ដំណើរការការងារ ការបង្កើតដំណោះស្រាយថ្មីៗចំពោះបញ្ហាប្រឈមចាស់ៗ និងការកសាង វប្បធម៌ការងារដែលលើកទឹកចិត្តឱ្យមានការសាកល្បង និងការរៀនសូត្រឥតឈប់ឈរ។

ឯកឧត្តមបន្តថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបំផុសគំនិត ជំរុញឱ្យមានការគិតបែបថ្មី និងយល់ដឹងពីសក្តានុពលនៃនវានុវត្តន៍ក្នុង ការដោះស្រាយបញ្ហាសង្គម។ បង្កើនសមត្ថភាព បំពាក់នូវចំណេះដឹង វិធីសាស្ត្រ និងឧបករណ៍ចាំបាច់មួយចំនួនក្នុង ការប្រែក្លាយគំនិតច្នៃប្រឌិតឱ្យទៅជាសកម្មភាពជាក់ស្តែង។ កសាងបណ្តាញបង្កើតឱកាសសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពីភ្នាក់ងារផ្សេងៗ បានជួបពិភាក្សា ការផ្លាស់ប្តូរបទពិសោធន៍ និងបង្កើនកិច្ចសហការដើម្បីជំរុញនវានុវត្តន៍រួមគ្នា។

ឯកឧត្តមអភិបាលរងខេត្ត សង្ឃឹមថាក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ លោក លោកស្រី ដែលជាមន្ត្រីស្នូល និងជាកម្លាំងចលកររបស់ខេត្ត នឹងទទួលបាននូវទស្សនវិស័យថ្មីៗ និងអាចចាប់ផ្តើមអនុវត្តគំនិត ការផ្តួចផ្តើមគំនិតច្នៃប្រឌិតនានា នៅអង្គភាពរបស់ខ្លួន ដើម្បីរួមចំណែកធ្វើឱ្យរដ្ឋបាលខេត្តកំពង់ធំ ក្លាយជាអង្គភាពរដ្ឋបាលគំរូ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ។

សូមបញ្ចាក់ថាវគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២៥ ដែលមានសមាសភាពចូលរួមពី ប្រធាន អនុប្រធានមន្ទីរ នាយក នាយករងរដ្ឋបាល នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព និងអភិបាលក្រុង ស្រុក សរុបចំនួន ៦០នាក់។ អត្ថបទដោយ សូរហ៊ាន សំអាង