(កំពង់ធំ )÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានលើកឡើងថា ការទៅសួរសុខទុក្ខលើកទឹកចិត្តកងទ័ពជួរមុខ
ព្រំដែន គឺជាការលើកកម្ពស់ស្មារតីជាតិនិយមក្នុងនាមសមរភូមិក្រោយ លោកបានលើកឡើងដូច្នេះនៅក្នុងឱកាសដែលលោក និងសហការីព្រមទាំងព្រះមន្ត្រីសង្ឃ សប្បុរសជននៅក្នុងស្រុកស្ទោង បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខលើកទឹកចិត្តវីរៈកងទ័ពខ្មែរនៅជួរមុខភ្នំដងរែកតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមមាន់តូច ប្រាសាទតាក្របីនិងតំបន់ថ្មដូន កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥។
ទាំងនេះសឱ្យឃើញពីការយកចិត្តទុកដាក់របស់លោកអភិបាលស្រុកស្ទោង ក្នុងការសម្រាលបន្ទុកឬការលំបាកផ្សេងៗ និងលើកទឹកចិត្តវីរៈកងទ័ព ដែលបានពលីនូវសាច់ស្រស់ឈាមស្រស់និងកម្លាំងកាយចិត្តប្រកៀកស្មាគ្នា ការពារជាតិមាតុភូមិ ក្នុងនាមជាអ្នកសមរភូមិមុខ និងសមរភូមិក្រោយ ក្នុងការការពារបូរណភាពទឹកដីដ៏ស្រស់បំព្រងទឹកដីសុវណ្ណភូមិ នៃយើងមិនឱ្យមានការរំលោភបំពានឬការឈ្លានពាននិងបង្ករអរិភាពឥតឈរពីបរទេសណាមួយនោះឡើយ។
ជាមួយគ្នានេះ លោកបានគាំទ្រយ៉ាងពេញទំហឹងនូវជំហរឥតងាករេ និងភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការនាំយកបញ្ហាប្រាសាទតាមាន់តូច ប្រាសាក់តាមាន់ធំ ប្រាសាទតាក្របី និងចំណុចចុងបូកមុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ( ICJ) ហើយព្រមទទួលយកនូវសាលក្រមឬយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិមួយនេះផងដែរ។
លើសពីនេះលោក សាយ គឹមឡម បានថ្លែងអំណរព្រះគុណនិងអរគុណជាអានេកដល់ព្រះមន្ត្រីសង្ឃស្រុក ស្ទោងព្រមទាំងសប្បុរជនជិតឆ្ងាយដែលបានឧបត្ថម្ភគាំទាំងសម្ភារ ថវិកាគ្រឿងឧបភោគបរិភោគនិងបានអញ្ជើញនិងនិមន្តចូលរួមចែកជូនផ្ទាល់ដល់កងវីរៈកងទ័ពនៅក្នុងឱកាសនេះ ដែលជាការចូលរួមចំណែកយ៉ាងធំធេងក្នុងការ ការពារជាតិមាតុភូមិនិងលើកកម្ពស់ស្មារតីជាតិនិយម។
សូមបញ្ជាក់ថា នៅក្នុងឱកាសនេះលោកបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគមួយចំនួនធំ ដល់វីរ:កងទ័ពចំនួន(៥វរសេនាតូច) ដូចជា÷ អង្ករ ចំនួន២,២០០គីឡូក្រាម មី៦០កេសឆៃប៉ូវ៧០គីឡូក្រាម អន្សម១២០០ អន្សមចាំង១០០ចង្កោមសាច់ក្រក៥០គីឡូក្រាមត្រីឆ្អើរ២៥គីឡូក្រាម ត្រីងៀត៥០គីឡូក្រាម និងថវិកាមួយចំនួនទៀត។









































