បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ធ្វើពិធីអបអរសាទរ នៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

0

ខេត្តស្ទឹងត្រែង៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី តន ឆៃ នាថ្ងៃទី១៣កក្កដា២០២៥ បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន រួមទាំងអង្គភាពចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង នៃយោធភូមិភាគទី១ បានជួបជុំគ្នាប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងទូងស្គរ ដើម្បីអបអរសាទរនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការ UNESCO ​កាលពីថ្ងៃទី១១កក្កដា២០២៥ ក្នុងសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង នាវេលាម៉ោង ៥ និង៣៥នាទីរសៀល ត្រូវនឹងម៉ោង ១០ និង៣៥នាទីយប់ នៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងពិធីនោះ លោកឧត្តមសេនីយ៍ត្រី តន ឆៃ បានដឹកនាំ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ធ្វើពិធីស្មិងស្មាធិ៍ គោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានស្តាប់នូវសុន្ទរកថារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលផ្សព្វផ្សាយដល់ជនរួមជាតិ នូវសារលិខិតអបអរសាទរ នាឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងបានទូងស្គរបន្លឺឡើង ដែលជាការបង្ហាញ ពីការអបអរសាទរយ៉ាងក្លៀវក្លា ជាមួយនឹងស្នូរទះដៃលាន់លឺយ៉ាងកងរំពង ក្នុងស្មារតីស្រឡាញ់ គាំទ្រ និងមោទនភាពជាតិដ៏ជ្រាលជ្រៅបំផុត ចំពោះប្រទេសជាតិ។

ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការ UNESCO ​រាជរដ្ឋាភិបាលកម្ពុជា មានគោលបំណងការពារ «បូជនីយដ្ឋានចងចាំនៃកម្ពុជា» ទុកជាភស្តុតាង និងជាមរតករបស់កម្ពុជា មាន៣ទីតាំង គឺ ១-អតីតមន្ទីរឃុំឃាំង ម.១៣ (ស្ថិតនៅចន្លោះខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ) ,២-សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស្ថិតនៅរាជធានីភ្នំពេញ) និង ៣-មជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ)៕ដោយ៖ឡុង សំបូរ