កំពង់ធំ៖ លោក អ៉ីវ ផល្លី អនុរដ្ឋលេខាធិការក្រសួងព័ត៌មានទទួលបន្ទុកការងារ គ្រប់គ្រងវិស័យព័ត៌មានក្នុងខេត្តកំពង់ធំ លើកទឹកចិត្ត ឱ្យមន្ត្រីមន្ទីរព័តមាន ពង្រឹងសមត្ថភាពសរសេរព័ត៌មាន និងគ្រប់គ្រងសាធារណៈមតិឱ្យបាន ដើម្បីបង្ហាញពី
សក្តានុពលរបស់មន្ទីរ ក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់មន្ទីរព័ត៌មានខេត្តកំពង់ធំ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្ត ព្រឹកថ្ងៃទី១៨ ខែកក្ដដា ឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំនោះក៏មានអញ្ចើញចូលរួមពីលោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មាន អនុប្រធានមន្ទីរ ប្រធានការិយាល័យ និងលោក លោកស្រី ជាមន្ត្រីរាជការនៃមន្ទីរព័ត៌មានផងដែរ។
ជាមួយគ្នានោះលោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ ធ្វើរបាយការណ៍ស្តីពីដំណើរការចុះយកព័ត៌មាន ថតរូបភាពយកមកតែងនិពន្ធ ចងក្រងអត្ថបទព័ត៌មាន ផលិតកម្មវិធីផ្សេងៗ និងស្ពតអប់រំខ្លីៗ ដើម្បីផ្សព្វផ្សាយតាមបណ្តាញវិទ្យុFM ទូរទស្សន៍ជាតិរាជធានីខេត្ត ទូរទស្សន៍ខ្សែកាបឯកជន នៅក្នុងរាជធានីខេត្តរបស់ខ្លួន និងបានបញ្ជូនខ្លឹមសារមកវិទ្យុ និងរូបភាពទៅទូរទស្សន៍ជាតិកម្ពុជា និងឯកជននៅរាជធានីភ្នំពេញឱ្យជួយផ្សព្វផ្សាយផងដែរ។
លោកស្រីបានបន្តថា មន្ទីរព័ត៌មានខេត្ត ក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងការចាក់ផ្សាយបន្តពីវិទ្យុ ទូរទស្សន៍ជាតិកម្ពុជាជាប្រចាំ តាមរយៈវិទ្យុ ទូរទស្សន៍ ទូរទស្សន៍ខ្សែកាប ក្នុងខេត្តនូវរាល់ព្រឹត្តិការណ៍ និងព័ត៌មានសំខាន់ៗ ស្តីពីព្រះរាជសកម្មភាពព្រះមហាក្សត្រ និងសកម្មភាព ព្រឹទ្ធសភា រដ្ឋសភា ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានរាយការណ៍នូវព័ត៌មានប្លែកៗ ទាន់ហេតុការណ៍ និងព្រឹត្តិការណ៍ដែលកើតមានក្នុងមូលដ្ឋានរបស់ខ្លួនមកក្រសួងបានទាន់ពេលវេលា និងធ្វើការត្រួតពិនិត្យជាប្រចាំគ្រប់ប្រព័ន្ធផ្សព្វផ្សាយក្នុងរាជធានីខេត្តផងដែរ ។
ថ្លែងក្នុងឱកាសនោះ លោក អ៉ីវ ផល្លី បានការកោតសរសើរ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរព័ត៌មានខេត្តកំពង់ធំ ទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចការងារបានយ៉ាងល្អប្រសើរ លះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា ដែលសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ និងត្រូវតែខិតខំអនុវត្ត ការងារបន្តទៀត ឱ្យកាន់តែប្រសើរ។
លោកបានបន្តថា ដើម្បីពង្រឹងការងារព័ត៌មាន និងសាធារណមតិក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ទាមទារឱ្យមានការធ្វើបច្ចុប្បន្នភាពលើផែនការការងារ ពិសេសពង្រឹងវិធីសាស្ត្រក្នុងការសហការ សម្របសម្រួលការងារព័ត៌មាន និងសាធារណមតិ ជាមួយអាជ្ញាធរក្នុងខេត្ត និងតួអង្គពាក់ព័ន្ធដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងមូលដ្ឋាន ពិសេសត្រូវធានាការផ្តល់ព័ត៌មានពិត ត្រឹមត្រូវ និងមានសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងចូលរួមក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ។
ជាចុងក្រោយលោក ក៏បានណែនាំឱ្យមន្ទីរព័ត៌មាន ពិសេសក្រុមការងារសាធារណមតិ ត្រូវឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះព័ត៌មានក្លែងក្លាយ និងប្រកាន់ខ្ជាប់ការអនុវត្តវិធីសាស្ត្រព័ត៌មានបែបបុរេសកម្ម និងមិនត្រូវទុកអោយព័ត៌មានក្លែងក្លាយនាំមុខនៅក្នុងលំហសាធារណមតិឡើយ ដែលវាអាចឈានទៅបង្កការបំពុលព័ត៌មាន ភាពចលាចល ឬអសន្តិសុខនៅក្នុងមូលដ្ឋាន និងសង្គជាតិទាំងមូល៕ អត្ថបទដោយ សូរហ៊ាន សំអាង




































