កងទ័ពកម្ពុជា និងថៃ សម្រេចទុកឱ្យកម្លាំងឈរជើងនៅប្រាសាទតាមាន់ធំ ជាអ្នកដោះស្រាបញ្ហាដោយផ្ទាល់ និងមិនត្រូវបន្ថែមកម្លាំងច្រើនលើសលប់មកទៀតឡើយ

0

ខេត្តឧត្តរមានជ័យ៖ ក្រោយមានជម្លោះ កងទ័ពកម្ពុជា និងថៃ បានសម្រេចថា ទៅថ្ងៃក្រោយ បើមានករណីជាយថាហេតុណាមួយកើតឡើង នៅលើប្រាសាទតាមាន់ធំ ត្រូវទុកលទ្ធភាពឱ្យកងកម្លាំង ដែលមានភារកិច្ចជាក់ស្ដែងជាអ្នកដោះស្រាយ មិនត្រូវឱ្យភាគីណាមួយបន្ថែមកម្លាំងច្រើនលើសលប់ ចូលមកដោះស្រាយដូចករណីជម្លោះពាក្យសម្ដី កាលពីថ្ងៃទី១៥ ខែកក្កដានោះទៀតឡើយ។

ការសម្រេចនេះ នៅក្នុងជំនួបពិភាក្សា រវាងឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ ជាមួយ វរសេនីយ៍ឯក ប៊ុន ស៊ីម មេបញ្ជាការរងកងកម្លាំងសុរ:ណារីថៃ នៅលើប្រាសាទតាមាន់ នៅម៉ោង៨ និង៣០ នាទីព្រឹកថ្ងៃទី១៦កក្កដា២០២៥។

សេចក្តីរាយការណ៍បានឱ្យដឹងថា កិច្ចពិភាក្សារវាងមេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ នៃយោធភូមិភាគទី៤កម្ពុជា ជាមួយមេបញ្ជាការរងកងកម្លាំងសុរ:ណារីថៃ បានធ្វើឡើងរយៈពេល ១ថ្ងៃ បន្ទាប់ពីថ្ងៃទី១៥កក្កដា២០២៥ កន្លងទៅ កើតមានជម្លោះទាស់ទែងពាក្យសម្ដី និងកាយវិការមួយកើតឡើង ព្រោះតែអាកប្បករិយាមិនសមរម្យរបស់ទាហានថៃ មកលើភ្ញៀវទេសចរជនជាតិខ្មែរ រហូតភាគីកម្ពុជា-ថៃ បង្កើនចំនួនកងទ័ពជាច្រើនលើសលប់ (ហួសការឯកភាពលើការឈរជើងជាក់ស្ដែង) ទៅកាន់ទីតាំងជម្លោះ ដើម្បីដោះស្រាយបញ្ហា។

សេចក្តីរាយការណ៍ដដែលបានឱ្យដឹងទៀតថា នៅក្នុងជំនួបពិភាក្សានេះ ភាគីកម្ពុជា-ថៃ ក៏បានសម្របសម្រួលចំពោះការប៉ះទង្គិចគ្នា ដោយពាក្យសម្តីកាលពីថ្ងៃទី១៥ខែកក្កដា២០២៥កន្លងទៅ និងរក្សាគោលការណ៍ដែលបានកំណត់កាលពីមុន ពោល គឺត្រូវបើកប្រាសាទនៅម៉ោង៩ និង០០នាទីព្រឹកតទៅ ដើម្បីឱ្យប្រជាពលរដ្ឋទាំងសងខាង ឡើងទៅទស្សនាជាធម្មតា ហើយចាប់ពីម៉ោង៣ និង០០នាទីរសៀលតទៅ នឹងត្រូវបិទមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋទាំងសងខាងបន្តលេងកម្សាន្ត ឬចូលទៅទស្សនាទៀតឡើយ។  ហើយភាគីទាំងពីរក៏បានកំណត់ឱ្យកម្លាំងឈរជើងប្រចាំការនៅលើប្រាសាទចំនួន ៧នាក់ស្មើៗគ្នា ផងដែរ។

គួររំលឹកថា នៅតំបន់ប្រាសាទតាមាន់ធំ ថៃតែងបានបង្កបញ្ហាជារឿយៗ  តួយ៉ាងនៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ទាហាន​ថៃ០៣​នាក់ ​បាន​ដឹក​នាំ​ក្រុម​អ្នក​ជិះកង់​​​ជន​ជាតិ​ថៃ​ប្រមាណ ​១៥០​នាក់ ចូល​ក្នុង​បរិវេណ​ប្រាសាទ​តាមាន់​ធំ ​ដោយមិន​បាន​ជូន​ដំណឹង​ដល់​ភាគី​កម្ពុជា​ ជាមុន​ទាល់តែសោះ​។ បន្ទាប់មកនៅចុងខែមិថុនា អតីតរដ្ឋមន្ត្រីការពារជាតិថៃ ប្រគល់សិទ្ធិចង់ឱ្យ មេបញ្ជាការភូមិភាគ២ថៃ បិទមិនឱ្យពលរដ្ឋកម្ពុជា ចូលទស្សនាប្រាសាទតាមាន់ធំ។ ក្រោយមកទៀត នៅថ្ងៃទី០៥ ខែកក្កដា ភ្ញៀវទេសចរជនជាតិថៃ ក៏ប្រុងប្រើអំពើហិង្សាមកលើពលរដ្ឋស្លូតត្រង់របស់កម្ពុជា ព្រោះតែឃើញបង់ករក្រមា ដែលមានទង់ជាតិកម្ពុជា។

ថ្មីៗកន្លងមកនេះ ថ្នាក់ដឹកនាំថៃ​ ក៏ចង់ធ្វើរបងព័ទ្ធយកប្រាសាទតាមាន់ធំ ដែលផែនទីបារាំងគូសបញ្ជាក់ថា ជាកម្មសិទ្ធិរបស់កម្ពុជាទៀតផង។ នៅថ្ងៃទី១៣ ខែកក្កដា អតីតទាហានថៃ ដ៏កំសាកញីម្នាក់បានលបលួចដាល់កងទ័ពកម្ពុជាម្នាក់ នៅលើប្រាសាទតាមាន់ធំ ផងទៀត។

នៅរសៀលថ្ងៃទី១៥កក្កដា២០២៥ ក៏កើតមានបញ្ហាម្ដងទៀត ដែលជាបញ្ហាជម្លោះពាក្យសម្ដី និងកាយវិការបង្កឡើងដោយទាហានថៃម្នាក់ ដែលឈរជើងនៅច្រកទ្វារចូលប្រាសាទតាមាន់ធំ មកលើស្ត្រីជាជនជាតិខ្មែរ នាំទៅដល់ការភ័ន្តច្រឡំ និងការប៉ះទង្គិចពាក្យសម្តី ហើយទាហានថៃនោះ ក៏បានហាមឃាត់មិនឱ្យស្ត្រីជាជនជាតិខ្មែរ ឡើងទៅប្រាសាទទេ។ ដោយឃើញហេតុការណ៍នេះ ទាំងទាហានកម្ពុជា និងទាហានថៃជាច្រើននាក់ ដែលកំពុងឈរជើងនៅប្រាសាទ ក៏បានរត់ទៅកាន់កន្លែងកើតហេតុ ប៉ុន្តែ មិនមានជម្លោះប្រដាប់ដោយអាវុធនោះទេ។ ភ្លាមៗនោះ មេបញ្ជាកម្ពុជា និងថៃ ក៏បានដោះស្រាយដោយសន្តិវិធី ទើបស្ថានភាពនៅប្រាសាទតាមាន់ធំ មានសភាពស្ងប់ស្ងាត់ជាធម្មតាវិញ។

សេចក្តីរាយការណ៍ចុងក្រោយបានឱ្យដឹងថា នៅថ្ងៃទី១៧កក្កដា២០២៥នេះ ស្ថានភាពនៅប្រាសាទតាមាន់ធំ បានវិលត្រឡប់មករកសភាពស្ងប់ស្ងាត់ធម្មតាឡើងវិញ ក្រោយពីមានការសម្របសម្រួលគ្នា រវាងកងទ័ពកម្ពុជា-ថៃ និងឯកភាពគ្នាមិនបន្ថែមកម្លាំងទ័ព ហើយស្របពេលជាមួយគ្នានោះ មេទ័ពភូមិភាគ២ថៃ បានដឹកនាំកម្លាំងប៉ារ៉ា ទៅទស្សនាប្រាសាទជិត២០នាទី ថែមទៀតផង៕ដោយ៖ឡុង សំបូរ