ទោះបីមានសភាពការណ៍តានតឹងខ្លះនៅព្រំដែន តែមិនប៉ះពាល់ដល់ដំណើរការប្រឡងបាក់ឌុបនៅខេត្តបន្ទាយមានជ័យឆ្នាំ២០២៥ នេះទេ

0

បន្ទាយមានជ័យ៖ ទោះបីជាជាមកទល់ថ្ងៃទី២៨ខែសីហាឆ្នាំ២០២៥ព្រឹកនេះ មានសភាពការណ៍តានតឹងខ្លះនៅបណ្តោយយព្រំដែនកម្ពុជា ថៃ តែវាមិនប៉ះពាល់ដល់ដំណើរការប្រឡងបាក់ឌុបនៅខេត្តបន្ទាយមានជ័យ ឆ្នាំ២០២៥នេះទេ។
ដំណើរការមណ្ឌលសរសេរនៃសម័យប្រឡងថ្ងៃទី២៨ខែសីហាឆ្នាំ២០២៥ ត្រូវបានក្រសួងនិងមន្ទីរអប់រំ យុវជននិងកីឡាសហការនឹងរដ្ឋបាលខេត្តត្រៀមបម្រុង រៀបចំនិងប្រព្រឹត្តិទៅដូចបានគ្រោងទុក។
នេះបើតាមមន្ត្រីអាជ្ញាធរនិងជំនាញអោយដឹងថ្ងៃទី២៧ខែសីហា ។
ក្នុងនោះ ការកាត់បើកវិញ្ញាសារដំបូងនឹងធ្វើឡើងនៅមណ្ឌលវិទ្យាល័យសិរីសោភ័ណនាម៉ោង៧:០០ព្រឹកថ្ងៃស្អែកទី២៨ខែសីហា ។

បើតាមលោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យបានអោយដឹងថា: ខេត្តបន្ទាយមានជ័យសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡងថ្ងៃ២៨ខែសីហា ឆ្នាំ ២០២៥ មានបេក្ខជនចុះឈ្មោះក្នុងបញ្ជីប្រឡងសរុប ៖ ៦.៥៥២ នាក់ / ស្រី ៣.៧២៥នាក់ ។
ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រសរុប ១.៨២៥នាក់ / ស្រី ១.១០៧នាក់ ។ ថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន៤.៧២៧នាក់/ស្រី២.៦១៨នាក់ ។
មានចំនួន៨មណ្ឌលនៅក្រុងសិរីសោភ័ណឬទីប្រជុំជនខេត្ត : ដែលថ្នាក់វិទ្យាសាស្ត្រមាន៣ មណ្ឌល គឺ ១.មណ្ឌលហ៊ុនសែនសូភី ២.មណ្ឌលវិទ្យាល័យហ៊ុនសែន ខ្លាកូន ៣.មណ្ឌលសាកលវិទ្យាល័យជាតិមានជ័យ។
.និងថ្នាក់វិទ្យាសាស្ត្រសង្គម មាន៥មណ្ឌល គឺ៤-មណ្ឌលវិទ្យាល័យសិរីសោភ័ណ ។៥ -មណ្ឌលវិទ្យាល័យសម្តេចឪ ។
៧.មណ្ឌលសកលវិទ្យាល័យ UME ។៧-មណ្ឌលវិទ្យាល័យអូអំបិល និង៨-មណ្ឌលអនុវិទ្យាល័យទឹកថ្លា។
បេក្ខជន នារីចំណេះទូទៅរដ្ឋនិងឯកជនត្រូវប្រឡងនៅមណ្ឌល៦ ខាងលើ លើកលែងបេក្ខជនបំពេញវិជ្ជានិងស្វៃរិន ប្រឡងនៅមណ្ឌលអនុវិទ្យាល័យទឹកថ្លា។

លោកឈូ ប៊ុនរឿង បានធ្វើការណែនាំបច្ចេកទេសពីការប្រឡងដល់ប្រធាន អនុប្រធានមណ្ឌលសំណេរ ។
ឯលោកច័ន្ទ ម៉ារ៉ាដូណា ប្រធានក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយប្រចាំខេត្តនេះក៏ចូលរួមមតិលើការងារអង្កេតការណ៍របស់ខ្លួនផងដែរ ។

ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា : ដើម្បីឲ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំ ២០២៥ ប្រព្រឹត្តទៅបានល្អ មានប្រសិទ្ធភាព និងស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាពនិងស្របតាមការណែនាំរបស់ក្រសួងអប់រំ យុវជននិងកីឡា ទើបលទ្ធផលប្រឡងអាចទទួលយកបាន ។

ចំណែកលោកបណ្ឌិត កុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡានិងជាប្រធានគណ:ាំងប្រទេសប្រចាំខេត្តបន្ទាយមានជ័យក៏ណែនាំបន្ថែមអោយគណ:មេប្រយោគគ្រប់តំណែង ឋាន: បំពេញភារកិច្ចឬអនុវត្តអោយបាននូវបទបញ្ជារ ការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមិនត្រូវធ្វេសប្រហែសនិងខ្វះការទទួលខុសត្រូវឡើយ ។

ហើយក៏សូមបន្តណែនាំបេក្ខជនអោយអនុវត្តតាមបទប្បញ្ញត្តិនៃការប្រឡងនិងចងចាំគោលការណ៍របស់បណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡាគឺ”អ្នកចេះគឺជាប់ “៕ដោយ៖ឃិន គន្ធា