អភិបាលខេត្តកំពង់ចាម កាត់បើកស្រោមប្រធានវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ ខណៈបេក្ខជនចូលរួមប្រឡងសរុបជាង ៩ពាន់នាក់

0

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញកាត់បើកស្រោមប្រធានវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ នាសម័យប្រឡង ថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ នៅវិទ្យាល័យព្រះសីហនុ (ត្បូង) ស្ថិតក្នុងក្រុងកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា អង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ ស ស យ ក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដោយឈរលើគោលការណ៍ «អ្នកចេះគឺជាប់» ដូច្នេះសូមឱ្យបេក្ខជនទាំងអស់ ត្រូវខិតខំឱ្យអស់ពីសមត្ថភាព ពោលគឺត្រូវខិតខំប្រឹងប្រែងសរសេរ ដើម្បីសន្សំ យកនិទ្ទេសល្អ ឈានទៅដល់ការទទួលបានអាហាររូបករណ៍ ដេីម្បីបន្តទៅរៀននៅមហាវិទ្យាល័យបន្ថែមទៀត ហេីយក៏សូមឱ្យបេក្ខជនទាំងអស់ មានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត ជាពិសេស ទទួលបានលទ្ធផលល្អ ក្នុងការប្រឡងជាប់ និងជោគជ័យផងដែរ ។

ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានលេីកទឹកចិត្តដល់បេក្ខជនទាំងអស់ សូមកុំឱ្យមានការភ័យខ្លាចអ្វីឡើយ ពោលគឺត្រូវតាំងអារម្មណ៍ធម្មតា ឱ្យដូចកំពុងសិក្សានាពេលកន្លងមក ព្រោះមានកងកម្លាំងសហការណ៍ ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយសាធារណៈនៅជុំវិញមណ្ឌលប្រឡង ទាំង ១៥មណ្ឌល ក្នុងខេត្តកំពង់ចាម ចំពោះការទទួលផ្ញើទោចក្រយានយន្ត កង់-ម៉ូតូ ជូនដល់បេក្ខជន និងសិស្ស គឺមិនតម្រូវឱ្យបង់ប្រាក់ឡើយ។

គួរបញ្ជាក់ថា ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤-២០២៥នេះ សម្រាប់ខេត្តកំពង់ចាម មានបេក្ខជន សរុប ចំនួន ៩,៦៤១នាក់ ដែលត្រូវបែងចែកមណ្ឌលប្រឡងចំនួន ១៥មណ្ឌល ស្មើនឹង ៣៨៧បន្ទប់។ ក្នុងនោះផ្នែកវិទ្យាសាស្ត្រមាន ៥មណ្ឌល ស្មេីនឹង ១២៧បន្ទប់ មានបេក្ខជនសរុប ៣,១៦៤នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន ១០មណ្ឌល ស្មេីនឹង ២៦០បន្ទប់ មានបេក្ខជនសរុប ៦,៤៧៧នាក់ ដោយនៅក្រុងកំពង់ចាម មានចំនួន ១០មណ្ឌល នៅស្រុកកំពង់សៀមមាន ២មណ្ឌល និងនៅស្រុកជើងព្រៃមាន ៣មណ្ឌល ផងដែរ ៕