លោកជំទាវ មាន សំអាន អរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានគាំទ្ររាជរដ្ឋាភិបាល និងចូលរួមថែរក្សាសុខសន្តិភាព

0

កំពង់ធំ៖ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា និងជាអនុប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ថ្នាក់កណ្តាល អរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានគាំទ្ររាជរដ្ឋាភិបាល និងចូលរួមថែរក្សាសុខសន្តិភាព ក្នុងឱលាសដែលលោកជំទាវអញ្ចើញជាអធិបតី ក្នុងពិធីចែកចង្ក្រាន្តសន្សំសំចៃថាមពលជូនដល់ពលរដ្ឋ ៧០៦គ្រួសារ ក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ក្នុងបរិវេណសាលាស្រុកស្ទោង ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ មាន សំអាន បានពាំនាំនូវការផ្តាំផ្ញើសួសុខទុក្ខ នឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសម្ដេចកិត្តិសិង្គហបណ្ឌិត ម៉ែន សំអន សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលលោកតែងគិតគូរសុខទុក្ខ និងដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ពិសេសកន្លងមកសម្ដេចតែងតែជួយគាំទ្រដល់សកម្មភាពរបស់ស្ត្រីគ្រប់កាលៈទេសៈ។

លោកជំទាវបានបន្តថា ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ ប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញ ក្រោមការអនុវត្តនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន បាននាំមកនូវ ការបង្រួបបង្រួមជាតិ ហើយសន្តិភាពបានបង្កលក្ខណៈងាយស្រួលក្នុងការអភិវឌ្ឍជាតិ ហើយសន្តិភាព គឺជាឱសថទិព្វសម្រាប់មនុស្សគ្រប់រូប និងសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សាសន្តិភាពនេះឱ្យនៅគង់វង្ស។

លោកជំទាវ បានបន្ថែមទៀតថា សមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជូនដល់ប្រជាពលរដ្ឋ រួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ស្ពាន និងផ្លូវថ្នល់ខ្វាត់ខ្វែង ដែលជាបណ្តាញតភ្ជាប់សម្រាប់ការដឹកជញ្ជូន និងធ្វើឱ្យជីវិតរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ។ សុខសន្តិភាពបានធ្វើឱ្យជីវភាពរស់នៅល្អប្រសើរ និងកំពុងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋនៅតាមគ្រួសារនីមួយៗ នៅទូទាំងប្រទេសបានជួបជុំកម្សាន្តសប្បាយរីករាយ និងចែករំលែកការសប្បាយ ដោយបានជួបជុំគ្នា ដើម្បីចែករំលែកស្នាមញញឹម និងសេចក្តីស្រឡាញ់។

ជាចុងក្រោយលោកជំទាវ បានគូសបញ្ជាក់ថា ការចែកចង្ក្រានសន្សំសំចៃថាមពល ជាអំណោយក្រុមហ៊ុនSIPCO ជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺដើម្បីឱ្យយើងទាំងអស់គ្នាចូលរួមសន្សំសំចៃថាមពល និងការការពារបរិស្ថាន រួមចំណែកការពារសុខមាលភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងចូលរួមចំណែកក្នុងការកាត់បន្ថយនូវការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ។ ព្រមទាំងសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានការជឿជាក់ មុតមាំចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល និងចូលរួមថែរក្សាសុខសន្តិភាព ការពារបូរណភាពទឹកដី ដើម្បីបន្តជំរុញពន្លឿនកិច្ចអភិវឌ្ឍប្រទេសជាតិ។ អត្ថបទដោយ សូរហ៊ាន សំអាង