អភិបាលខេត្តក្រចេះ៖ «អ្នកចេះ គឺជាប់» បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ ត្រូវប្រកាន់ខ្ជាប់ និងត្រូវខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីក្តាប់ឱកាសកំណត់ផ្លូវជីវិតរបស់ខ្លួននៅថ្នាក់ឧត្តមសិក្សា

0

ខេត្តក្រចេះ៖ អភិបាលខេត្តក្រចេះ លោក វ៉ា ថន បានណែនាំបេក្ខជនប្រឡងទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំធ្វើឱ្យបានល្អ និងត្រឹមត្រូវនូវវិញ្ញាសារនីមួយៗ ឱ្យអស់ពីសមត្ថភាព ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង មិនត្រូវបង្កការរំខាននៅក្នុងបន្ទប់ ឬក៏លួចលាក់ព្រីយ៉ុង ពិសេសមិនត្រូវចម្លងគ្នានោះឡើយ ដោយត្រូវប្រកាន់យកនូវគោលការណ៍ «អ្នកចេះ គឺជាប់» ។

ប្រសាសន៍ណែនាំរបស់ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានធ្វើឡើងនៅក្នុងថ្ងៃកាត់វិញ្ញាសារសម័យប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥-២០២៦ សម្រាប់ខេត្តក្រចេះ នាថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៥ ។

អភិបាលខេត្តក្រចេះ លោក វ៉ា ថន បានថ្លែង ចាត់ទុកសិស្សានុសិស្សដែលជាបេក្ខជនប្រឡងទាំងអស់ គឺជាធនធានដ៏ល្អ ជាទីពឹងផ្នែកសម្រាប់ប្រទរសជាតិ នាពេលអនាគត់ ដូច្នេះហើយក្រោយពេលទទួលលទ្ធផលប្រឡងជាប់ ត្រូវការសិក្សានៅសកលវិទ្យាល័យជាបន្តទៀត ដើម្បីទទួលបានចំនេះដឹង ជំនាញដែលខ្លួនស្រឡាញ់។ ដូច្នេះ ត្រូវរៀនរៀបខ្លួនឲ្យល្អសក្តិសមជាទំពាំងស្នងឫស្សី ជាសសរទ្រូងប្រទេសជាតិ និងជាគោលបំណងរបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការធ្វើកំណែទម្រង់ឲ្យកាន់តែស៊ីជម្រៅ លើវិស័យអប់រំនៅកម្ពុជា ឲ្យប្រកបដោយគុណភាព និងសមត្ថភាពឌីជីថល ក្នុងការបម្រើការងារ និងជួយអភិវឌ្ឍប្រទេសជាតិ។ លោកអភិបាលខេត្ត ក៏បានជូនពរដល់ប្អូនៗ ក្មួយៗបេក្ខជន ដែលបានមកប្រឡង សូមឲ្យជាប់គ្រប់ៗគ្នា។

គួរបញ្ជាក់ថា យោងរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ បានបង្ហាញថា ខេត្តក្រចេះមានមណ្ឌលប្រឡងចំនួន ៥មណ្ឌល គឺ-មណ្ឌលវិទ្យាសាស្ត្រ ២ និងមណ្ឌលវិទ្យាសាស្ត្រសង្គម ៣ ស្មើនឹង ១០៦ បន្ទប់ ក្នុងនោះបេក្ខជនសរុប ២ពាន់ ៦១៧នាក់ ស្រី ១ពាន់ ៤៥៦នាក់ ក្នុងនោះបេក្ខជនស្វ័យរិន ២៩១នាក់ ស្រី ១៤៦នាក់ ថ្នាក់វិទ្យាសាស្ត្របេក្ខជនសរុបចំនួន ៩១៤នាក់ ស្រី ៥៥៣នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គមបេក្ខជន សរុបចំនួន១ពាន់ ៧០៣នាក់ ស្រី ៩០៣នាក់ និងមានគណៈមេប្រយោគ ៣៥៥នាក់ ស្រី ១៤៦ នាក់ ។ ដោយឡែកមណ្ឌលប្រឡងមាន៤ គឺ មណ្ឌលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ មណ្ឌលវិទ្យាល័យ ព្រះមហាក្សត្រិយានីកុសុមៈ មណ្ឌលវិទ្យាល័យ ខូវ ប៊ុនស៊ុន ក្រចេះក្រុង និងមណ្ឌលសាកលវិទ្យាល័យក្រចេះ ៕ដោយ៖ឡុង សំបូរ