ខេត្តព្រះសីហនុ៖ ឯកឧត្តមម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោកស្រី (Bridgette L.Walker) ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាដើម្បីអបអរសាទរខួបលើកទី៧៥ ឆ្នាំនៃទំនាក់ទំនង ការទូតរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នេះបានអញ្ជើញលើកស្លាក អបអរសាទរខួប ៧៥ឆ្នាំនៃមិត្តភាពកម្ពុជា-សហរដ្ឋអាមេរិក នៅផ្លូវជាតិលេខ៤ ខេត្តព្រះសីហនុ។

ការរៀបចំពិធីលើស្លាកនេះចំពេលដែលលោកស្រីភារធារីនៃទូតស្ថានទូត Bridgette Walker អញ្ជើញ ទៅបំពេញទស្សនកិច្ចការងារ នៅខេត្តព្រះសីហនុ រយៈពេល០៥ថ្ងៃចាប់ពីថ្ងៃទី ២៦ ដល់ ៣០ ខែសីហា ដើម្បី អបអរសាទរខួបលើកទី ៧៥ ឆ្នាំនៃទំនាក់ទំនងការទូតរវាងសហរដ្ឋអាម៉េរិក និងកម្ពុជាក្នុងគោលបំណង ជាកាម្តែងការគោរពចំពោះគុណតម្លៃ និងចក្ខុវិស័យរួម ដែលបានកំណត់ភាពជាដៃគូយូរអង្វែង រវាងអាម៉េរិក និងកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៥០មក។

លោកស្រីភារធារី Walker បានចាត់ទុកព្រឹត្តិការណ៍ដ៏សំខាន់នេះ បង្ហាញពីភាពរឹងមាំនៃទំនាក់ទំនង រវាងអាម៉េរិក និងកម្ពុជា និងការប្តេជ្ញារួមគ្នា ក្នុងការកសាងអនាគតដ៏ភ្លឺស្វាងជាមួយគ្នា។ សប្តាហ៍ស្ថានទូត នៅខេត្តព្រះសីហនុ បង្ហាញពីការប្តេជ្ញាក្នុងការលើកស្ទួយទំនាក់ទំនងដ៏មានន័យនៅទូទាំងកម្ពុជា ហើយ បង្កើតឱកាសដែលមានប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។សកម្មភាពសំខាន់ៗនៃកម្មវិធី «សប្តាហ៍ស្ថានទូត ខេត្តព្រះសីហនុ ២០២៥ ៖ ៧៥ ឆ្នាំនៃភាពជាដៃគូ និងមិត្តភាព» រួមមានការពង្រឹងភាពជាដៃគូផ្នែកសេដ្ឋកិច្ច និង កាលានុវត្តភាពផ្នែកធុរកិច្ច និងការតភ្ជាប់ ទំនាក់ ទំនងគ្នារវាងអ្នកដឹកនាំធុរកិច្ចអាម៉េរិក និងកម្ពុជា ដើម្បីលើកកម្ពស់សុវត្ថិភាព សន្តិសុខ និង សហប្រតិបត្តិការ ផ្នែកសុខភាពមន្រ្តីស្ថានទូតបានផ្តល់ការបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពដល់មន្ត្រីមានសមត្ថកិច្ច សន្តិសុខនៅខេត្តព្រះសីហនុ និង បានចុះពិនិត្យមន្ទីរពេទ្យព្យាបាលជំងឺអេដស៍ ដែលទទួលបានការជួយ គាំទ្រថវិកាពីអាម៉េរិកនិងតំបន់ផ្សេងទៀតផងដែរ។ គួរបញ្ជាក់ថាផ្លូវជាតិលេខ៤ ជាផ្លូវសំខាន់មួយដែលសហរដ្ឋអាមេរិកបានកសាងនៅឆ្នាំ ១៩៥៩ ដើម្បីតភ្ជាប់កំពង់ផែក្រុងព្រះសីហនុ ៕

នាគសមុទ្រ




































