កំពង់ធំ÷ លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង បានចូលរួមជាមួយលោកអនុសេនីយ៍ឯក ឈួន គឹមណាន នាយទាហានថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) កម្លាំងចម្រុះទីបញ្ជាការស្រាលប្រចាំការឃុំពាមបាង ស្រុកស្ទោង អាជ្ញាធរមូលដ្ឋានសហគមន៍នេសាទភូមិដូនស្តើង បានចេញ
ប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុច ត្រពាំងផ្សោត ភូមិដូនស្តើង ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ លោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម បានចូលរួមជាមួយក្រុមចម្រុះដឹកនាំដោយលោកវរសេនីយ៍ទោ កែ ម៉ៃ នាយរងសេនាធិការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ(យោធភូមិភាគទី៤)បានរួមសហការជាមួយទីបញ្ជាការស្រាលឈរជើងនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ បានចុះទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទនៅចំណុចក្រឡុកបាយក្អែក ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥។
ជាក់ស្ដែងកម្លាំងជំនាញចម្រុះបានចុះបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាលទ្ធផលអនុវត្តបាន( ១ករណី )បានរុះរើ កាប់បំផ្លាញចោលវត្ថុតាងឧបករណ៍នេសាទ ខុសច្បាប់ របាំងសាច់អួនក្រឡាញឹកនៅនឹងកន្លែងរួមមាន÷.របាំងសាច់អួនក្រឡាញឹកចំនួន៥របាំង របាំងប្រវែង១.៤០០ ម៉ែត្រ ឡុកសាច់អួនចំនួន១០គ្រឿង លូ ឬលប ចំនួន១៨មាត់ បង្គោលកូនឈើចំនួន៣៨០ដើម និងលែងកូនត្រីចំរុះចំនួន១០គីឡូក្រាមចូលទន្លេវិញ។
សូមបញ្ជាក់ផងដែរថា កម្លាំងជំនាញចម្រុះបានចុះបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ប្រើប្រាស់មធ្យោបាយកាណូតចំនួន៨គ្រឿង ប្រើប្រាស់ប្រេងសាំងអស់ចំនួន១០៥លីត្រផងដែរ។






































