កំពង់ធំ÷ រដ្ឋបាលឃុំកំពង់ចិនត្បូងបានចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងងាយរងហានីភ័យ ចំនួន៤០គ្រួសារ ក្នុងឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥។
លោក ជុំ យ៉េន មេឃុំកំពង់ចិនត្បូងបានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខ ពីលោក សាយ គឹមឡម អភិបាលស្រុកស្ទោង ដោយលោកតែងតែយកចិត្តទុកដាក់ជាមួយបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដើម្បីសម្រួលបន្ទុកគ្រួសារ និងសង្គ្រោះបានទាន់ពេលវេលា។ ក្នុងនោះលោកមេឃុំកំពង់ចិនត្បូងក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកអភិបាលស្រុកស្ទោង លោកតែងតែជ្រោមជ្រែងដល់គ្រួសារយុទ្ធជន ជនភៀសសឹក និងគ្រួសារងាយរងហានីភ័យជាច្រើនក្នុងឃុំកំពង់ចិនត្បូង ដែលបង្ហាញពីការគិតគូរ យកចិត្តទុកដាក់ ដើម្បីឆ្លើយតបទៅនឹងតម្លៃនៃសន្តិភាព ការដឹងគុណថ្នាក់ដឹកនាំកំពូលដែលលោកបានលះបង់កម្លាំងកាយ និងកម្លាំងចិត្តបម្រើជាតិ មាតុភូមិ ព្រមទាំងបានទប់ស្កាត់អំពើឈ្លានពានរបស់បរទេស ចំពោះកម្ពុជាបានយ៉ាងជោគជ័យ និងប្រកបដោយសន្តិវិធី។
បន្ថែមពីនេះលោក ជុំ យ៉េន បានអំពាវនាវដល់អាជ្ញាធរឃុំទាំងអស់ត្រូវរួបរួមគ្នា បម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈ គុណធម៌ សីលធម៌ និងយុត្តិធម៌ដើម្បីរក្សាបាននូវសុខសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្តស្របតាមយុទ្ធសាស្ត្រដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ផងដែរថា រដ្ឋបាលឃុំកំពង់ចិនត្បូង បានឧបត្ថម្ភដល់គ្រួសារក្រីក្រចំនួន៤០គ្រួសារ ក្នុង១គ្រួសារទទួលបាននូវ÷ អង្ករ២៥គីឡូក្រាម មី១កេស សារ៉ុង១ ត្រីខ ១យួរ ទឹកត្រី៣ដប ទឹកស៊ីអ៉ីវ៣ដបផងដែរ។ 





































