ដោយអ៊ុក ផ្លុង
សៀមរាប៖ ប្រជាពលរដ្ឋ បានផ្តល់ព័ត៌មានថាបច្ចុប្បន្នបទល្មើសកើតឡើង យ៉ាងអាណាធិបតេយ្យ ក្នុងស្រុកជីក្រែង ជាពិសេស ការដឹកជញ្ជូន ឈើគ្រប់ប្រភេទចេញពីដែនជម្រកសត្វព្រៃបឹងពែរ។
ពួកគាត់អះអាងថា ឈើទាំងអស់នោះ មាន ដូចជាកូនឈើស្រស់តូចៗ កាប់ដឹកមកដាក់ក្នុងឡ ដុតធើ្វជាធ្យូង ឈើស្រស់ធំៗ កាប់មកអាជ្រៀកធ្វើជាគ្រឿងផ្ទះ រីឯឈើក្រាក់ដឹកចូលសិប្បកម្ម។ ពួកគាត់បញ្ជាក់ថា ឈើស្រស់ធំៗរាប់សិបដើមក្នុង១ខែៗ ដែលកាប់ដឹកចេញពីដែន ជម្រកសត្វព្រៃបឹងពែរ ត្រូវបានដឹកជញ្ជូន យកមកស្តុបទុក នៅផ្ទះលោក យាន ស្ថិតក្នុង ភូមិ ក្បាលដំរី ឃុំពង្រលើ ស្រុកជីក្រែង និង ខ្លះទៀត ដឹកដោយគោយន្តកន្រ្តៃ តាមផ្លូវទំនប់ម្កាក់ ចូលទៅភូមិតាភ្ញា និងភូមិ ព្រៃធំ ឃុំគោកធ្លកលើ ដើម្បីយកទៅ ជ្រៀក ដោយម៉ាស៊ីន រ៉ៃ រីឯឈើក្រាក់ ដឹកជញ្ជូន ដោយឡាន និងគោយន្តកន្រ្តៃ តាមផ្លូវ ទំនប់ម្កាក់ទាំងយប់ទាំងថ្ងៃ ដូចឈើស្រស់ធំៗដែល ប៉ុន្តែឈើក្រាក់ត្រូវបានយកទៅ ចែកចាយតាមសិប្បកម្មនានាដូចជាភូមិខ្លាឃ្មុំ ស្ថិតឃុំគោកធ្លកលើ និងភូមិប៉ាតត ឃុំគោកក្រោមជាដើម•••។
ល ។ កូនឈើតូចៗក្រោយដុតក្លាយជា ធ្យូងប្រជាពលរដ្ឋ ដឹកជញ្ជូនទៅផ្ទះ ឈ្មួញកណ្តាល ទី១ ឈ្មោះ លោក ជេន ២ ឈ្មោះ អ្នកស្រី វណ្ណា អ្នកទាំងពីរ បច្ចុប្បន្នរស់នៅភូមិ ក្បាលដំរី ឃុំ ពង្រលើ ទី៣ ឈ្មោះ វ៉ាន់ និងទី៤ ឈ្មោះ វ៉ិត អ្នកទាំងពីរ បច្ចុប្បន្នរស់នៅភូមិ ពពេល ឃុំ ពង្រក្រោម ព្រមទាំង ពួកឈ្មួញកណ្ដាលមួយចំនួនទៀត ដែលទទួលទិញធ្យូងពី ប្រជាពលរដ្ឋ រួចលក់បន្តឲ្យឈ្មួញដែលមកពីខេត្តផ្សេងៗ។ ជាក់ស្តែង កាលពីថ្ងៃអង្គារទី២ ខែកញ្ញា ឆ្នាំ ២០២៥ មានឡាន១គ្រឿង និងរឺម៉កជាច្រើនគ្រឿងចូលដឹកធ្យូងក្នុងភូមិ ពពេល ឃុំ ពង្រក្រោម ស្រុកជីក្រែង អ្នកសារព័ត៌មាន បានទូរស័ព្ទទៅនាយសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង លោក វង្ស សាំង សំរិត ហៅហុងដា ទូរស័ព្ទចូលជាច្រើនដងប៉ុន្តែគ្មានការឆ្លើយតប។ នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ក្តី លោក សូរផល្លា ឆ្លើយតបអ្នកសារព័ត៌មាន ថាចាំឲ្យនាយសង្កាត់រដ្ឋបាលព្រៃឈើជីក្រែងទៅទប់ស្កាត់ លុះដល់ថ្ងៃពុធ ទី៣ ខែឆ្នាំដដែល លោកសូរផល្លា បានប្រាប់ អ្នកសារព័ត៌មាន ថាឡានធ្យូង ត្រូវបានខិតទុកហើយ ប៉ុន្តែប្រជាពលរដ្ឋ ប្រាប់ អ្នកសារព័ត៌មានាថា លោក សូរ ផល្លា កុហក់ទេ ឡានដឹកធ្យូងចេញទៅបាត់ហើយ នៅតែគោយន្តកន្ត្រៃជាច្រើនគ្រឿងដឹកធ្យូងមកស្តុបទុកបន្ថែមនៅផ្ទះម្តាយក្មេក លោក វ៉ាន់ ដែលជាឈ្មួញកណ្តាល។ នៅថ្ងៃជាមួយគ្នានេះដែរអ្នកសារព័ត៌មានបានឃើញ ឡាន និងគោយន្តកន្ត្រៃ ជាច្រើនគ្រឿងដឹកឈើស្រស់ និងឈើក្រាក់ កាត់តាមផ្លូវលំ ក្រោយស្នាក់ការបរិស្ថានក្បាលដំរី និងស្នាក់ការរដ្ឋបាលព្រៃឈើគំរូ ដឹកតាមទំនប់ម្កាក់ហើយក៏ឃើញឈើស្រស់ធំៗ ជាច្រើនដើមស្តុបទុកក្នុងផ្ទះ លោក យាន នៅភូមិ ក្បាលដំរីផងដែរ។ ពាក់ព័ន្ធការដឹកឈើយ៉ាងគគ្រឹកគគ្រេងដូចហែរ កឋិននេះអ្នកសារព័ត៌មាន បានទូរស័ព្ទទៅអនុប្រធានការិយាល័យ ដែនជម្រកសត្វព្រៃភ្នំ ពក ភ្នំ ត្នោត និងបឹង ពែរ លោក ទី ប៊ុន ចម ទូរស័ព្ទជាច្រើនដង ប៉ុន្តែមិនអាចទាក់ទងបាន រីឯនាយ សង្កាត់រដ្ឋបាលព្រៃឈើខ្វាវ លោក ភោគ វីរៈ ទូរស័ព្ទចូលជាច្រើនដងប៉ុន្តែគ្មានការឆ្លើយតប។ ទន្ទឹមនឹងនេះដែរប្រជាពលរដ្ឋ សូមសំណូមម្ដងហើយម្ដងទៀត ទៅ អភិបាលខេត្ត សៀមរាប ឯកឧត្ដម ប្រាក់ សោភ័ណ្ឌ មេត្តាចង្អុរបង្ហាញ ប្រធានមន្ទីររុក្ខាប្រមាញ់ និងនេសាទ លោក ទៀ គឹមសុទ្ធ និងប្រធានមន្ទីរ បរិស្ថាន លោក ស៊ុន គង់ មេត្តាដាស់តឿនកូនចៅក្រោមឪវាទ របស់ខ្លួនឲ្យអនុវត្តច្បាប់ស្តីពីព្រៃឈើផង ត្បិតអីព្រៃឈើក្នុងស្រុកជីក្រែងស្ទើតែរលាយក្រោមរដ្ឋបាល របស់អស់លោកហើយ។ ប្រជាពលរដ្ឋ ក៏មានការ សាទរចំពោះដំណឹងថា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប លោក សៀ ទីន ថាបានបញ្ជូនប៉េសកជនពីសេសមកបង្រា្កបបទល្មើសព្រៃឈើ ប៉ុន្តែពួកគាត់ក៏មានការព្រួយបារម្ភខ្លាចមកចូលរួមតែមិនបង្ក្រាបបទល្មើស។ ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា មន្ត្រីបរិស្ថាន និងរដ្ឋបាលព្រៃឈើ អាចនិងមានអ្នកប្រព្រឹត្តអំពើពុករលួយ ព្រោះព្រៃឈើក្នុងស្រុកជីក្រែងហិនហោចបណ្ដាលមកពី មន្រ្តី គ្រាប់ល្ពៅមួយចំនួន មិនព្រមទប់ស្កាត់ និងបង្រ្កាប ទើបមាន បទល្មើសព្រៃឈើយ៉ាងអនាធិបតេយ្យពួកគាត់ បន្តថាបើ មន្ត្រីជំនាញ មានឆន្ទៈចង់បង្រ្កាបមិនពិបាកទេ ព្រោះឡាន និងរឺម៉កដឹកធ្យូងចេញតាមផ្លូវ វត្តថ្មី ឆ្ពោះទៅ កាន់ ផ្លូវជាតិលេខ៦ តាមភូមិស្ពានត្នោត រីឯឈើស្រស់ឈើក្រាក់ ចាំតែ ទំនប់ម្កាក់គ្មានបទល្មើសព្រៃឈើណាអាចគេចរួចទេ ក្នុងស្រុកជីក្រែង៕






































