អភិបាលខេត្តកំពង់ចាម​៖​ ការបង្កើតសមិទ្ធផល ជូនរាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព គឺទាមទារជាចាំបាច់នូវរដ្ឋបាលមួយ​ ដែលសម្បូរទៅដោយមូលធនមន្ត្រី

0

កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ ជុំវិញបរិកាណ៍នៃការអនុវត្តគោលនយោបាយ និងការបង្កើតសមិទ្ធផល ជូនរាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផលល្អប្រសើរ និងរលូន គឺទាមទារជាចាំបាច់នូវរដ្ឋបាលមួយ​ ដែលសម្បូរទៅដោយមូលធនមន្ត្រី ដែលប្រកបដោយចំណេះដឹង បទពិសោធន៍ និង ជំនាញវិជ្ជាជីវៈយ៉ាងច្បាស់លាស់ពិតប្រាកដ ។ ការថ្លែងបែបនេះ​ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សម្រាប់ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ​ នាថ្ងៃទី​៣​ ខែកញ្ញា​ ឆ្នាំ​២០២៥​ ។

ថ្លែងក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានបន្តថា​ មន្ត្រីសាធារណៈ ក៏ពុំអាចខ្វះផងដែរនូវគុណសម្បត្តិ នៃឥរិយាបថមន្ត្រីរាជការរួមមាន៖ ឆន្ទៈម្ចាស់ការ ភក្ដីភាព មនសិកាវិជ្ជាជីវៈ វប្បធម៌សេវាសាធារណៈដែល សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា តែងតែណែនាំដាស់តឿន ក្រើនរំឭក ដល់មន្ត្រីគ្រប់ជាន់ថ្នាក់។

ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះដែរ​ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន ក.រ.ម បានថ្លែងថា​ ការបណ្ដុះបណ្ដាលបន្ថែម គឺជាសកម្មភាពដែលមិនអាចខ្វះបាន​ ហើយត្រូវអនុវត្តបន្តជាប្រចាំ ដោយមិនអាចធ្វើតែម្ដងហើយចប់នោះទេ ពោលគឺត្រូវធ្វើឱ្យកាន់តែសកម្មនៅគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ នីមួយៗ ក្នុងការបំពាក់បំប៉នចំណេះដឹងដល់មន្ត្រីរាជការ ដើម្បីចូលរួមចំណែកក្នុងការកសាងមូលធនមនុស្ស ស្របតាមក្របខ័ណ្ឌនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧​ សំដៅលើការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព​ផងដែរ​ ៕