អភិបាលរងស្រុកស្ទោង និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌របស់រដ្ឋបាលស្រុក ទៅប្រគល់ជូនដល់គ្រួសារសព

0

កំពង់ធំ÷ នៅថ្ងៃទី០៣ ខែ កញ្ញា ឆ្នាំ២០២៥ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ពីលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានចាត់ឱ្យលោក សួគ៌ ប៊ុនធង អភិបាលរងស្រុក និងសហការី លោកមេឃុំសំព្រោជ អាជ្ញាធរមូលដ្ឋានបាននាំយកអំណោយមនុស្សធម៌របស់រដ្ឋបាលស្រុកស្ទោង និងថវិកាមួយចំនួន ទៅប្រគល់ជូនក្នុងពិធីបុណ្យសពលោកយាយ ម៉ម សុផាន អាយុ៦៨ឆ្នាំ នៅភូមិគោកស្នាយ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។ លោកយាយម៉ម សុផាន បានទទួលមរណភាពកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងឱកាសនេះផងដែរលោក សួគ៌ ប៊ុនធងអភិបាលរងស្រុកស្ទោង បានលើកឡើងថា ការចូលរួមជួយគាំទ្រនេះ មិនត្រឹមតែជាការបង្ហាញពីសីលធម៌ និងចិត្តមេត្តាករុណារបស់អាជ្ញាធរទេ ប៉ុន្តែថែមទាំងជួយផ្តល់កម្លាំងផ្លូវចិត្តដល់គ្រួសារ និងជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូលផងដែរ។

តាមរយៈសកម្មភាពនេះលោកក៏បញ្ជាក់ផងដែរថា អាជ្ញាធរមូលដ្ឋាននៅស្រុកស្ទោង មិនមែនត្រឹមតែមានតួនាទីគ្រប់គ្រងប៉ុណ្ណោះទេ ថែមទាំងជាទីពឹងដ៍កក់ក្តៅរបស់ប្រជាពលរដ្ឋ ដែលតែងតែនៅជាមួយគ្នា ទាំងក្នុងពេលសុខ និងពេលជួបប្រទះនូវការលំបាក។
អំណោយជាបន្តបន្ទាប់របស់លោកអភិបាលស្រុកស្ទោងជួយដល់ប្រជាពលរដ្ឋក្នុងគ្រាលំបាកទាំងនេះ គឺជាបង្ហាញនូវទឹកចិត្តមនុស្សធម៌ ដែលធ្វើឱ្យប្រជាពលរដ្ឋមានអារម្មណ៍កក់ក្តៅ និងជួយបង្កើនទំនាក់ទំនងស្និទ្ធស្នាលរវាងអាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងទាំងមូល។

សូមបញ្ជាក់ផងដែរថា អំណោយដែលបានផ្ដល់រួមមានថវិកាចំនួន៤១០,០០០រៀល, អង្ករ០២បេ គ្រឿងបាឡុង១ មី០១កេស និងទឹកសុទ្ធ១០យួរផងដែរ។